ភ្នំពេញៈ ក្រុមកីឡាករ-កីឡាការិនី ជនពិការកម្ពុជា ដែលបំពេញ បេសកកម្មចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ កីឡា Asean Para Games លើកទី៧ នៅប្រទេស មីយ៉ាន់ម៉ាកន្លង មកថ្មីៗនេះ បានដណ្ដើមមេដាយ សរុបចំនួន ៣២គ្រឿង ហើយមេដាយទាំងអស់នេះ គឺលើសពីផែនការ របស់ថ្នាក់ដឹកនាំ ដែលបានកំណត់ថា ត្រូវដណ្ដើមយក មេដាយឲ្យបាន ២ខ្ទង់នោះ ។
នៅក្នុងដំណើរវិលត្រឡប់មក ដល់ប្រទេសកម្ពុជា របស់ថ្នាក់ដឹកនាំកីឡា និងកីឡាករ-កីឡាការិនី ជនពិការទាំងអស់ នាវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០១៤នេះ លោក យី វាសនា នាយបេសកកម្មដឹកនាំ ក្រុមអត្ដពលិក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងឲ្យដឹងថា សម្រាប់មេដាយ សរុបចំនួន ៣២គ្រឿង ដែលកីឡាករ-កីឡាការិនី ជនពិការកម្ពុជាចំនួន ២៣នាក់ ដណ្ដើមបានពីប្រកួតកីឡា Asean Para Games លើកទី៧នេះ គឺកម្ពុជាយើង បានទទួលបានលើសពី ការរំពឹងទុក រហូតដល់ ៣ខ្ទង់ បើគិតជាភាគរយស្មើនឹង ១៣៩% ខណៈផែនការរបស់ថ្នាក់ដឹកនាំសង្ឃឹមថា កីឡាករ-កីឡាការិនីកម្ពុជា នឹងដណ្ដើមបានមេដាយ ២ខ្ទង់ ។
លោក យី វាសនា បានបន្ដឲ្យដឹងទៀតថា មេដាយ ៣២គ្រឿង ដែលកម្ពុជាយើងដណ្ដើមបានឆ្នាំនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្រ្ដ ព្រោះកីឡា Asean Para Games លើកទី៧នេះ ក្រុមអត្តពលិកកម្ពុជាយើងរកបានមេដាយលើសពីឆ្នាំមុនទាំងអស់ ជាពិសេសលើសកាលពី Asean Para Games លើកទី៦ នៅឥណ្ឌូនេស៊ី រហូតដល់ ១១គ្រឿង (លើកទី៦ មេដាយសរុប ២៤គ្រឿង) ។
នាយបេសកកម្មរូបនេះ បានបញ្ជាក់ទៀតថា កាលពីមុននឹងចេញដំណើរ ទៅប្រកួត ថ្នាក់ដឹកនាំកីឡាជនពិការកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណៈកម្មាធិការ ជាតិប៉ារ៉ាឡាំពិកកម្ពុជា ធ្លាប់មានប្រសាសន៍ ដោយសង្ឃឹមយ៉ាងមុតមាំថា កីឡាករ-កីឡាការិនីជនពិការ កម្ពុជានឹងដណ្ដើមបាន មេដាយ ២ខ្ទង់ពីព្រឹត្តិការណ៍ Asean Para Games លើកទី៧ ជូនកម្ពុជា ប៉ុន្ដែលទ្ធផលជាក់ស្ដែង គឺកម្ពុជាយើងដណ្ដើម បានមេដាយរហូតដល់ ៣ខ្ទង់ឯណោះ ។
ជាចុងក្រោយលោក យី វាសនា បានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកតិព្រឹទ្ធបណ្ឌិត ដែលបានចំណាយថវិកា ផ្គត់ផ្គងដល់ក្រុម កីឡាករ-កីឡាការិនី ទាំងការហ្វឹកហាត់ ការហូបចុក ការស្នាក់នៅ ព្រមទាំងសោហ៊ុយ នៃការធ្វើដំណើរ ទៅវិញទៅមកផងដែរ ៕