ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានសម្រេចចិត្តយ៉ាងធំធេង ក្នុងការព្យាបាល ជំងឺមហារីកផ្ទៃក្នុង របស់ខ្លួនដោយបានកាត់សាច់ ដែលលោកប្រធាន សហព័ន្ធចាត់ទុកថា ដំបៅរលួតនោះចេញ ពីសហព័ន្ធតែម្តង ចៀសវាងរាល ដាលពាសពេញសហព័ន្ធដែល កំពុងត្រៀមធ្វើការ ប្រកួតអាស៊ីទៀតផង ។
អស់រយៈពេល២ឆ្នាំមកហើយ ដែលសហព័ន្ធមួយនេះបានធ្វើការកែទម្រង់ដោយបង្កើតឲ្យមានប្រភេទកីឡាករថ្នាល (វ័យក្មេង) សម្រាប់បន្តវេន ព្រមទាំងកែទម្រង់លើនីតិវិធីជ្រើសរើសកីឡាករ-កីឡាការិនី សម្រាប់ចេញទៅប្រកួត នៅក្រៅ ប្រទេសតាមរយៈការធ្វើតេស្តសមត្ថភាពជាប្រចាំខែ ។
ការកែទម្រង់នេះបានធ្វើឲ្យផ្ទៃក្នុងរបស់សហព័ន្ធនេះចាប់ផ្ដើមប្រេះឆារវាងអ្នកកែទម្រង់ និងអ្នកដែលមិនចង់កែទម្រង់ ជាមួយនឹងការកើតមានវិបត្តិបែបនេះ ប្រធានសហព័ន្ធគឺលោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានព្យាយាមឲ្យទាំងសង ខាងបន្តធ្វើការជាមួយគ្នាដោយតម្កល់ផលប្រយោជន៍ជាធំជូនជាតិ (កម្ពុជា) ។
រាល់ការព្យាយាមនៅតែបរាជ័យរហូត ទើបកាលពីចុងសប្ដាហ៍នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅលោកប្រធាន សហព័ន្ធបានបើកការប្រជុំពិសេសមួយ ដោយសម្រួលភារកិច្ចរបស់លោក មាស សារិន អគ្គលេខាធិការសហព័ន្ធ នោះឲ្យ មកធ្វើត្រឹមតែជាទីប្រឹក្សារបស់សហព័ន្ធវិញ ព្រោះគាត់តែសមាជិកភាពជាសមាជិកប្រតិបត្តិរបស់គាត់ នៅដដែល រីឯលោក ឯម ហៀង នៅរក្សាតំណែងជាអគ្គលេខាធិការរងដដែល តែគាត់ទំនងជាលាឈប់ហើយ ។
លោក មាស សារិន និងលោក ឯម ហៀង ជាអគ្គលេខាធិការរងស្ថិតក្នុងក្រុមដែលប្រឆាំងនឹងការកែទម្រង់ ហើយការ ប្រឆាំងនេះ ពួកគាត់បានបំផុសឲ្យកីឡាករ-ការិនីប្រឆាំងនឹងការកែទម្រង់ដែរ តែគ្មាននរណាគាំទ្រគាត់ឡើយ ។ លោក អ៊ិន គឹមស្រ៊ុន ជាអគ្គហិរញ្ញិកត្រូវបានបន្ថែមតួនាទីជាអគ្គលេខាធិការសហព័ន្ធជំនួសលោក មាស សារិន ពេលនេះ សង្គ្រាមនៅក្នុងសហព័ន្ធប៉េតង់ត្រូវបានបញ្ចប់ជាស្ថាពរហើយ ៕