ភ្នំពេញ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ជូនគ្រូបង្វឹក ៤រូបទៅចូលរួមវគ្គសិក្ខាសាលាកីឡាសហព័ន្ធកីឡាទ្រីយ៉ាត្លុង ថ្នាក់ក្នុងតំបន់នៅប្រទេសថៃ ដើម្បីជំរុញ និងពង្រឹងសមត្ថភាពដល់គ្រូបង្វឹកកីឡាទ្រីយ៉ាត្លុង តាមបណ្តាក្លឹប និង សមាគមរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ ។
លោក ងិន សុខបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានមានប្រសាសន៍ថា ខាងសហព័ន្ធបានសម្រេចបញ្ជូន លោកគ្រូបង្វឹកតាមក្លឹប និងសមាគមចំនួន៤នាក់ ចូលរួមតាមការស្នើសុំពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងប្រទេសថៃ ។ ចំពោះវគ្គសិក្ខាសាលានេះ មានសារៈសំខាន់ណាស់សម្រាប់លោកគ្រូបង្វឹកទ្រីយ៉ាត្លុងកម្ពុជា ។
លោកអគ្គលេខាធិការបានបន្តថា លោកគ្រូបង្វឹកដែលសហព័ន្ធបញ្ជូនទៅចូលរួមសុទ្ធសឹងជាគ្រូដែលមានបទពិសោធន៍ ជាច្រើនឆ្នាំ រួមមានលោកគ្រូបង្វឹក ពៅ ស៊ីថា មកពីក្លឹបសាកលវិទ្យាល័យធនធានមនុស្ស លោកគ្រូបង្វឹក សូធីតា ចាន់ មកពីក្លឹបអង្គការភាពញញឹម នៃកុមារ (PSE) លោកគ្រូបង្វឹក ម៉េក សម្បត្តិ មកពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា និងរូប លោក ងិន សុខបញ្ញា ជាគ្រូ និងប្រតិភូដឹកនាំចូលរួមវគ្គសិក្ខាសាលានេះ ។
លោកបានបញ្ជាក់ថា សម្រាប់ការចូលរួមវគ្គសិក្ខាសាលាលើកនេះ ការធ្វើដំណើរទៅវិញទៅមក រូបលោក និងលោក គ្រូបង្វឹក៣នាក់ ត្រូវចំណាយថវិកាផ្ទាល់ខ្លួន រីឯការស្នាក់នៅ និងហូបចុកខាងសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃជាអ្នកទទួលរ៉ាប់រងទាំងអស់ ៕
លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធទី្រយ៉ាត្លុងកម្ពុជា (ឆ្វេង)