ភ្នំពេញ៖ អ្នកប្រដាល់ វី សេរីចាន់ឌីន ក្លឹបខ្លារខិនមានរិទ្ធ នឹងជួបប្រកួតជាមួយអ្នកប្រដាល់ សេក ណារ៉ាក់ ក្លឹបរ័ត្នសែនជ័យ ៣១៧ គូលែន ក្នុងទម្ងន់៦៥គីឡូក្រាម រីឯអ្នកប្រដាល់ ឡន លឿប ក្លឹបកងពលតូចលេខ ៧០ ត្រូវជួបប្រកួតជា មួយអ្នកប្រដាល់ ពុទ្ធ ផនកុសល ក្លឹបពុទ្ធសេរីវង្សកីឡា ក្នុងទម្ងន់ ៦៩ គីឡូក្រាមនៅលើសង្វៀន SEA-TV នាព្រឹកថ្ងៃ អាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០១៥ខាងមុននេះ ។
អ្នកទាំង២នាក់ជាអ្នកប្រដាល់ស្រករ ក្រោយដូចគ្នាមិនធ្លាប់ជួបគ្នាពីមុខមកទេ ប៉ន្តែតែ វី សេរីចាន់ឌីន មានបទពិសោធន៍លើកសង្វៀនច្រើនជាង សេក ណារ៉ាក់ ។ សេក ណារ៉ាក់ ទើបតែឃើញឡើងប្រកួតបានប៉ុន្មានដងប៉ុន្តែ ណារ៉ាក់ វាយល្អ និងខ្លាំងដូចជាអ្នកប្រដាល់ជើងចាស់ដែរ រីឯ វី សេរីចាន់ឌីន មានវ័យក្មេង ជាងណារ៉ាក់ និងខ្លាំងជាងណារ៉ាក់ ។ ចាន់ឌីន មានកណ្ដាប់ដៃខ្លាំង ហើយស្នៀតកែង និងជង្គង់របស់គេ ដៃគូប្រកួតក៏ពិបាកទប់ទល់ដែរ ។
ឡន លឿប អ្នកប្រដាល់ដែលបាត់មុខពីសង្វៀនជិត២ឆ្នាំមកហើយនោះ ពេលនេះបានវិលត្រឡប់មកកាន់សង្វៀនវិញ ជួបប្រកួតជាមួយ ពុទ្ធ ផនកុសល អ្នកប្រដាល់ក្លឹបពុទ្ធសេរីវង្សកីឡា ។ ឡន លឿប ពីមុនជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ដែលធ្លាប់អង្រួនសង្វៀនប្រដាល់ ដោយធ្លាប់វាយឈ្នះ អ៊ុង វិរៈ និង ពុទ្ធ ឆាយរិទ្ធី រីឯអ្នកប្រដាល់ជើងចាស់ ឡន លឿប វិញធ្វើឲ្យអ្នកប្រដាល់ ពុទ្ធ ផនកុសល ក៏ពិបាកនឹងមាសង្ឃឹមឈ្នះដែរ ។
អ្នកប្រដាល់ ប្រាក់ រស្មី ក្លឹបតាឯកដំបងដែកមានរិទ្ធ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ឌុន កែវដា ក្លឹបកងទ័ពជើងគោក ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ៕