ភ្នំពេញ៖ ក្រុមបាល់ទាត់អាជីពរបស់ខេត្តស្វាយរៀងកម្ពុជាបាន ចាកចេញពីប្រទេស ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរីនៅ រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ នេះ ដើម្បីចូលរួមព្រឹត្តិការណ៍នៃការប្រកួតដណ្តើមពានរង្វាន់ RHB Singapore Cup ឆ្នាំ ២០១៥ ដែលនឹងចាប់ផ្តើនៅថៃ្ងសុក្រ ទី២២ ខែឧសភា វេលាម៉ោង ៧:៣០ នាទីយប់ (ម៉ោង ៦:៣០នាទីនៅកម្ពុជា) នៅលើទីលានកីឡដ្ឋាន Jurong East Stadium ការជួបរវាងក្រុម កីឡាបាល់ទាត់ខេត្តស្វាយរៀង ជួបក្រុមអាល់ប៊ីរ៉ិចនីហ្គាតាសាំងហ្គាពួរ ។
លោក សំ វណ្ណដេត ជាគ្រូបង្វឹកក្រុមបាល់ទាត់ខេត្តស្វាយរៀង បានមានប្រសាសន៍នៅព្រលានយន្តហោះភ្នំពេញអន្តរជាតិថា ក្រុមលោកនឹងត្រូវមានជំនួបដ៏ស្វិតស្វាញមួយទល់នឹងក្រុមអាល់ប៊ីរិចនីហ្គាតា របស់ម្ចាស់ផ្ទះសិង្ហបុរី នៅថ្ងៃបើកឆាកនៃពានរង្វាន់ RHB Singapore ហើយការជួបគ្នាលើកនេះ គឺជាជំនួបលើកទី២ ក្រោយលើកទី១ ក្រុមលោកបានចាញ់ម្ចាស់ផ្ទះមួយនេះក្នុងលទ្ធផល ៣-០ ម្តងមកហើយ ។
លោកបានបន្តថា ការប្រកួតឆ្នាំនេះ មាន៤ប្រទេសចូលរួមមាន ប្រទេសឡាវ ប្រុយណេ កម្ពុជា និងសិង្ហបុរី ហើយលើកនេះមាន សារៈសំខាន់ណាស់ សម្រាប់ក្រុមលោកណាស់ ខណៈក្រុមអាល់ប៊ីរិចនីហ្គាតា គឺជាក្រុមមួយដែលមានសុទ្ធតែកីឡាករជនជាតិជប៉ុន និងជាក្រុមជើងខ្លាំងប្រចាំលីកកំពូលរបស់សិង្ហបុរីទៀតផង ៕