ភ្នំពេញ៖ ស្ដេចអុកវ័យក្មេង ឈាវ បូរ៉ា បានបញ្ជាក់ឲ្យដឹងថា ចាប់ពីពេលនេះតទៅ ខ្លួនបានសហការជាមួយ សហព័ន្ធកីឡាអុកកម្ពុជា បើកថ្នាក់បណ្ដុះបណ្ដាល អុកខ្មែរលើកដំបូង បន្ទាប់ពីរូបគេ ដណ្ដើមបានតំណែងស្ដេចអុក ប្រចាំប្រទេសកម្ពុជា២ឆ្នាំជាប់គ្នា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន ឆ្នាំ២០១៤ និងឆ្នាំ២០១៥កន្លងទៅ ។
យោងតាមលិខិតបើកថ្នាក់បង្រៀនអុកជំនាន់ទី១ ដែលធ្វើឡើងកាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅ យុវជនវ័យ២៥ឆ្នាំ ឈាវ បូរ៉ា បានសរសេរថា ដោយចង់អភិវឌ្ឍន៍កីឡាអុក ដែលជាល្បែងល្បងប្រាជ្ញា និងជាវប្បធម៌ខ្មែរ ដែលបុព្វបុរសខ្មែរខិតខំរក្សាតាំង យូរលង់ណាស់មកហើយនោះ គេក៏បានសម្រេចសហការជាមួយសហព័ន្ធអុកកម្ពុជា ដើម្បីប្រមូលយកអ្នកមានបំណងប្រាថ្នាចង់លេង អុក មកបណ្ដុះបណ្ដាលបន្ថែមនូវអ្វីដែលខ្លួនមាន ដើម្បីអភិវឌ្ឍន៍កីឡាអុកមួយនេះ ឲ្យកាន់តែមានសក្ខានុពលបន្ថែមទៀត ។
ឈាវ បូរ៉ា បានបន្ដទៀតថា សម្រាប់វគ្គបណ្ដុះបណ្ដាលលេងអុកលើកដំបូងនេះ ក្នុងមួយសប្ដាហ៍ គឺសិក្សាតែ២ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃចន្ទ និងថ្ងៃអង្គារ ឬថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ឬថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយក្នុងមួយថ្ងៃរៀន ១:៣០ នាទី ។ ចំពោះការដាក់ពាក្យចូលរៀន ខាងសហព័ន្ធបានចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងតទៅហើយ ដោយសិស្សម្នាក់ ត្រូវបង់ថ្លៃសិក្សាក្នុងមួយខែចំនួន ៤៥ដុល្លារសហរដ្ឋអាម៉េរិក ។
យុវជនមានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះ បានបន្ថែមថា នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ នឹងផ្ដោតសំខាន់លើគោល ការណ៍លេងអុកចំនួន៧សំខាន់ៗ គឺគំនិត បញ្ញា ស្មារតី បដិភាណៈ ការគ្រប់គ្រងឱកាស ការឲ្យតម្លៃ និងការសម្រេចចិត្តខ្ពស់ ដែលកត្ដាសំខាន់ៗទាំងនេះ នឹងជួយឲ្យមនុស្សមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតអុកក្នុងព្រឹត្តិការណ៍នានាបាន ។
សូមរំឮកថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៥ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ លើកទី៣ ដែលធ្វើនៅខេត្តសៀមរាប កាលពីពេលថ្មីៗកន្លងទៅ ឈាវ បូរ៉ា បានគ្រងតំណែងជាស្ដេចអុកប្រចាំប្រទេសជាលើកទី២ ក្រោយប្រកួតឈ្នះលើគូប្រជែង សុខ ភារ៉ា ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រោយពេលឆ្នាំ ២០១៤ ក្នុងព្រឹត្តិការណ៍ដូចគ្នានេះ ឈាវ បូរ៉ា ក៏ដណ្ដើមបានតំណែងស្ដេចអុកផងដែរ ៕