ភ្នំពេញ៖ ទាត់បាល់កម្សាន្ត គឺជាសកម្មភាព ទាត់បាល់មួយបែប ដែលកុមារា-កុមារីគ្រប់រូប អាចចូលរួមលេង កម្សាន្ដជារៀងរាល់ចុងសប្ដាហ៍ ដើម្បីបង្កើនភាព សប្បាយរីករាយ ជាពិសេសគឺទទួលបាន សុខភាពល្អរឹងមាំ និងទទួលបាន ចំណេះដឹងថ្មីៗពីការលេងកីឡាបាល់ទាត់ទៀតផង ។
ដើម្បីបំពេញតម្រូវការ និងផ្ដល់ភាពងាយ ស្រួលជូនដល់មាតា-បិតារបស់បុត្រធីតា ដែលមានបំណងចង់ ឲ្យកូនៗរបស់ខ្លួន ចូលរួមលេងក្នុង សកម្មភាពកីឡានោះ គេក៏បានបង្កើតនូវ សេវាកម្មថ្មីមួយ គឺសេវាកម្ម «ទាត់បាល់កម្សាន្ដ» ដែលមាតា-បិតាគ្រប់រូប អាចនាំបុត្រធី តាមកចុះឈ្មោះ ដើម្បីទទួលបាននូវការណែនាំ និងមានឱកាសបាន ប្រាស្រ័យទាក់ទងជា មួយនឹងគ្រូបង្វឹក ដែលមានបទពិសោធន៍ និងមានជំនាញ់ ច្បាស់លាស់ផងដែរ ។
លោក កាំង សុធា អ្នកសម្របសម្រួលក្នុងសេវាកម្ម «ទាត់បាល់កម្សាន្ដ» ខាងលើនេះ បានថ្លែងឲ្យដឹងថា ទាត់បាល់កម្សាន្ដ គឺជាសកម្មភាពកីឡាបាល់ទាត់មួយបែប ដែលផ្ដោតសំខាន់ឲ្យកុមារា-កុមារី មានឱកាសចូលរួម និងបញ្ជ្រាបចំណេះដឹងទាំងទ្រឹស្ដីកីឡា ក៏ដូចជា បច្ចេកទេសកីឡាបាល់ទាត់ ឲ្យពួកគេបានយល់ដឹង ជាពិសេសគឺការបង្ហាត់ បង្រៀនភាពអង់គ្លេងតែម្ដង ។
លោកបន្ដថា “សេវាកម្មនេះ នឹងបង្កភាពសប្បាយរីករាយ ជាច្រើនដូចដល់កុមារា-កុមារី ដែលបានចូលរួម ប៉ុន្ដែមិនផ្ដោតសំខាន់លើលេង ជាលក្ខណៈអាជីពពេកនោះទេ ពោលគឺគ្រាន់តែជា សកម្មភាពលេងកីឡាបាល់ទាត់ ដើម្បីសប្បាយថ្ងៃចុងសប្ដាហ៍ ដែលជាថ្ងៃបុត្រធីតា របស់លោកអ្នក បានជួបជុំជាមួយកុមារ កពីមជ្ឍដ្ឋានផ្សេងៗទៀតប៉ុណ្ណោះ” ។
ចំពោះគោលបំណង នៃការបង្កើតសេវាកម្ម «ទាត់បាល់កម្សាន្ដ»នេះ លោក កាំង សុធា បានបញ្ជាក់ថា គឺដើម្បីផ្ដល់ឱកាសឲ្យកុមារមានចិត្តស្រឡាញ់ និងចូលចិត្តកីឡា, អប់រំកាយនិងកីឡា ដល់កុមារពិសេសស្មារតី, បញ្ជ្រាបចំណេះដឹង-បច្ចេកទេសលេងបាល់ទាត់(បណ្តើរបាល់ ទាត់ ទប់...) និងផ្ដល់បទពិសោធន៍ដល់ក្មេងៗ តាមរយៈគ្រូបង្វឹកដែលមាន គរុកោសល្យត្រឹមត្រូវផងដែរ ។
លោកបានបន្ថែមទៀតថា ចំពោះកុមារ ដែលអាចចុះឈ្មោះចូល រួមទាត់បាល់កម្សាន្ដបាន គឺមានអាយុចាប់ពី ៧ឆ្នាំ-១៥ឆ្នាំ ដោយអាចទាក់ទងបាន នៅគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) អាគារលេខ១ ផ្លូវសាធារណរដ្ឋប៉ូឡូញ(ខាងត្បូងរង្វង់មូលវត្តសំពៅមាស) សង្កាត់វាលវង់ ខណ្ឌ ៧មករា ភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០១២ ៨៧១ ៣០៥ ៕