ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍ កីឡាដ៏ធំប្រចាំតំបន់ អាស៊ីអាគ្នេយ៍ ដែលគេតែងហៅកាត់ ថាកីឡា SEA Games ដែលនឹងប្រព្រឹត្ត ទៅជាលើកទី២៨ នៅប្រទេសសិង្ហបុរី នាចុងឆ្នាំ២០១៥ ខាងមុខនេះ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា(NOCC) បានធ្វើការវាយតម្លៃ ទុកមុនថា កម្ពុជាអាចនឹង បាត់បង់មេដាយខ្លះ បន្ទាប់ពីគណៈកម្មាធិការ រៀបចំព្រឹត្តិការណ៍ បានដកប្រភេទកីឡា និងវិញ្ញាសារមួយ ចំនួនមិនប្រកួតនោះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងឲ្យដឹងកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥នេះថា កាលពីចុងឆ្នាំ២០១៣ ពោលគឺក្រោយកម្ពុជា ដណ្ដើមបានមេដាយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការប្រកួតកីឡា SEA Games លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ានោះ ថ្នាក់ដឹកនាំកីឡាជាតិគ្រប់រូប បានសម្ដែងការត្រេកអរជាខ្លាំង ហើយក៏សង្ឃឹមយ៉ាងមុតមាំដែលថា នឹងបង្កើនមេដាយឲ្យបានកាន់តែច្រើនទៀត នៅក្នុងការប្រកួតកីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី ។
លោកបន្ដថា ប៉ុន្ដែក្ដីរំពឹងទាំងនោះ ត្រូវបានសាបរលាភបន្ដិចទៅវិញ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការរៀបចំព្រឹត្តិការណ៍ SEA Games លើកទី២៨ បានសម្រេចយកប្រភេទកីឡាចំនួន ៣៦ប្រភេទឲ្យប្រកួត ប៉ុន្ដែគេមិនបានដាក់បញ្ចូលកីឡាចំបាប់ និងកីឡាវ៉ូវីណាម ដែលជាប្រភេទកីឡាដ៏មានសក្ដានុពលរបស់កម្ពុជាឲ្យចូលរួមប្រកួតទៅវិញ ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចប្រជុំនោះ កីឡាតេក្វាន់ដូ ដែលជាកីឡាទើបដណ្ដើមបានមេដាយមាស ប្រវត្តិសាស្ដ្រជូនប្រទេសកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ី លើកទី១៧ នៅប្រទេសកូរ៉េខាងត្បូង កាលពីចុងឆ្នាំ២០១៤កន្លងទៅនោះ ក៏ត្រូវបានគេដកចេញនូវវិញ្ញាសារប្រកួតប្រភេទទម្ងន់មួយចំនួនផងដែរ ។
អគ្គលេខាធិការខាងលើ បានបញ្ជាក់ទៀតថា មូលហេតុខាងលើនេះហើយ ដែលធ្វើឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងស្វែងរកវិធីសាស្ដ្រផ្សេងៗ ដើម្បីឲ្យកម្ពុជា រក្សាបាននូវមេដាយ ដែលធ្វើបានយ៉ាងល្អ កាលពី SEA Games លើកទី២៧កន្លងទៅ ។ ប៉ុន្ដែទោះជាយ៉ាងណា ថ្នាក់ដឹកនាំកីឡាគ្រប់ស្ថាប័ន នៅតែកើតមានក្ដីព្រួយបារម្ភពីការធ្លាក់ចុះមេដាយដដែល ព្រោះកីឡាចំបាប់ វ៉ូវីណាម និងកីឡាតេក្វាន់ដូ ត្រូវបានដកសិទ្ធិមិនឲ្យចូលរួមប្រកួតទៅហើយ ។
ទោះជាយ៉ាងណាបញ្ហាខាងលើនេះ បានធ្វើឲ្យលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្កើននូវការយកចិត្តទុកដាក់ខ្លាំងជាងមុនទៅទៀត ដោយលោកបានជំរុញឲ្យថ្នាក់ដឹកនាំស្ថាប័នកីឡាជាតិទាំងអស់ ខិតខំពង្រឹងសមត្ថភាពតាមរយៈការហ្វឹកហាត់ឲ្យបានជាប់លាប់ ដើម្បីស្វែងរកកិត្តិយសជូនប្រទេសជាតិកម្ពុជា ក្នុងយុទ្ធនាការប្រកួតកីឡា SEA Games លើកទី២៨ នាចុងឆ្នាំ២០១៥ខាងមុខនេះ ។
លោក ថោង ខុន បានបញ្ជាក់ថា ដើម្បីរក្សាឲ្យបាននូវមេដាយមួយចំនួនមានមេដាយមាស ប្រាក់ ឬមេដាយសំរិទ្ធនោះ គឺលោកបានផ្ដល់សេចក្ដីទុកចិត្តលើប្រភេទកីឡាមួយចំនួនដូចជា៖ កីឡាវាយកូនឃ្លីលើតុ, ប្រដាល់, ប៉េតង់, តេក្វាន់ដូ និងកីឡា Chinlong ។ ប៉ុន្ដែលោកមិនចង់ឲ្យកីឡាទាំងនេះ និងកីឡាផ្សេងៗទៀត បង្កើនមេដាយឲ្យបានច្រើនណាស់ណាពេកទេ លោកគ្រាន់តែចង់ឲ្យរក្សាបាននូវមេដាយឆ្នាំចាស់តែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កាលពី SEA Games ទី២៧ នៅមីយ៉ាន់ម៉ា កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ៤៧គ្រឿង ក្នុងនោះមានមេដាយមាស ៨គ្រឿង មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរិទ្ធ ២៨គ្រឿង ។ រីឯប្រភេទកីឡាតាមប្រទេសក្នុងតំបន់ ដែលត្រៀមប្រកួតប្រជែងនៅចុងឆ្នាំនេះ គឺកំណត់យក ៣៦ប្រភេទ ក្នុងនោះកម្ពុជាបញ្ជូនទៅចូលរួមចំនួន ២៣ប្រភេទ ខណៈវិញ្ញាសារប្រកួត គណៈកម្មការបានកំណត់រួចរាល់អស់ហើយ គឺសរុបចំនួន ៤០២វិញ្ញាសារឯណោះ ៕