ភ្នំពេញ៖ ក្រោយទទួលបានការអនុញ្ញាត ពីប្រមុខ រាជរដ្ឋាភិបាល កម្ពុជានោះ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំធ្វើជា ម្ចាស់ផ្ទះសិក្ខាសលា ប្រចាំទ្វីបដ៏ធំមួយ នៅលើទឹកដីខេត្តសៀមរាប គឺសិក្ខាសាលាស្ដីពី «ភាពជាអ្នកដឹកនាំស្ដ្រី ក្នុងវិស័យកីឡាទ្វីបអាស៊ី» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧-១២ ខែមករា ឆ្នាំ២០១៥នេះ ដោយមានប្រទេសក្នុងតំបន់ចូលរួមចំនួន ២៦ប្រទេសឯណោះ ។
អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់គេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី០២ មករានេះថា នេះគឺជាលើកទី១ហើយ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិរៀបចំសិក្ខាសាលាដ៏ធំក្នុងតំបន់មួយនេះ ហើយវាក៏ជាឱកាស សម្រាប់ស្ដ្រីខ្មែរ ដើម្បីបានក្លាយទៅជាអ្នកដឹកនាំ កីឡាដ៏ឆ្នើមក្នុងពេលឆាប់ៗខាងមុខ ។
លោក វ៉ាត់ ចំរើន បានបន្ដថា សិក្ខាសាលាខាងលើ គឺទទួលបានការឧបត្ថម្ភ ពីគណៈកម្មាធិការអូឡាំពិក អន្ដរជាតិ(IOC) ដោយរៀបចំឡើង ដើម្បីអភិវឌ្ឍន៍ និងផ្ដល់សិទ្ធិឲ្យស្រ្ដី ដើម្បីបានក្លាយជាអ្នក ដឹកនាំកីឡាក្នុងទ្វីបអាស៊ី ក៏ដូចជាក្នុងពិភពលោកផងដែរ ។
សិក្ខាសាលា ដែលជាព្រឹត្តិការណ៍ អន្ដរជាតិដ៏ធំ បើកទំព័រឆ្នាំថ្មី ឆ្នាំ២០១៥នេះ នឹងមានការចូលរួមពីស្ដ្រី ដែលជាថ្នាក់ដឹកនាំ កីឡាកំពូលៗ ក្នុងទ្វីបអាស៊ី ដែលរៀបចំដោយអង្គការសាមគ្ដីអូឡាំពិក(OCA) និង IOC ។ ប៉ុន្ដែក្នុងឱកាសនោះលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា លោកក៏នឹងចូលរួមធ្វើការសម្របសម្រួល និងផ្សព្វផ្សាយពីចំណេះដឹងទាក់ទង នឹងភាពជាអ្នកដឹកនាំកីឡា ជូនដល់ស្ដ្រីទាំងអស់ ដែលត្រៀមខ្លួនធ្វើជាអ្នក ដឹកនាំកីឡានៅថ្ងៃអនាគតទៀតផង ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា “ស្ដ្រី គឺជាមនុស្សដ៏សំខាន់ខ្លាំងណាស់នៅក្នុងសង្គម ។ ដូច្នេះដើម្បីលើកទឹកចិត្តដល់ស្ដ្រី ឲ្យក្លាយជាអ្នក ដឹកនាំកីឡានោះ គ្រប់គ្នាត្រូវចូលរួមលើកទឹកចិត្តពួកគាត់ទាំងអស់គ្នា ហើយស្រ្ដីទាំងអស់ ក៏ត្រូវដឹងអំពីតួនាទី ភារកិច្ចរបស់ខ្លួនឯងផងដែរ ។ អ្វីរឹតតែសំខាន់ទៀតនោះ គឺសិក្ខាសាលានេះ គឺជាសារដ៏សំខាន់ សម្រាប់អប់រំដល់ស្ដ្រី កុំឲ្យមានការរើសអើងប្រកាន់របប ពូជសាសន៍ និងសាសនាជាដើម ដើម្បីពង្រឹងសមត្ថភាព និងទំនាក់ទំនងល្អទៅវិញទៅមករវាងស្ដ្រី និងស្ដ្រី ដើម្បីក្លាយទៅជាអ្នកដឹកនាំដ៏ឆ្នើមនៅក្នុងពិភពលោក ជាពិសេសគឺក្នុងទ្វីបអាស៊ីយើងតែម្ដង” ។
លោកបន្ថែមថា កន្លងមកក្នុងវិស័យកីឡាជាតិកម្ពុជា ស្ដ្រីបានក្លាយជាតួឯកយយ៉ាងសំខាន់ ដែលធ្វើឲ្យពិភពលោក ស្គាល់កាន់តែច្បាស់ពី សមត្ថភាពកីឡាក្នុងប្រទេសកម្ពុជា ដោយសារស្ដ្រី ដណ្ដើមបានមេដាយ ច្រើនជាងបុរស ហើយក៏ជាអ្នកផ្សព្វផ្សាយ អំពីវប្បធម៌កីឡាជាតិ ដ៏មានសក្ដានុពលនៅ ថ្ងៃអនាគតផងដែរ ៕