ភ្នំពេញ៖ បន្ទាប់ពីទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនស៊ីម៉ង់ K-Cement ជារៀងរាល់ឆ្នាំនោះ នៅថ្ងៃទី០៦-០៨ ខែមករា ឆ្នាំ២១៥ខាងមុខនេះ សហព័ន្ធកីឡាហែលទឹកកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតកីឡា ហែលទឹកជ្រើសរើសជើងឯកដណ្តើមពានរង្វាន់ K-Cement លើកទី៥ ដែលនឹងធ្វើឡើងនៅ អាងហែលទឹកនៃពហុកីឡដ្ធានជាតិ ។
ថ្លែងក្នុងសន្និសីទសារពត័មាន នៅព្រឹកថ្ងៃទី០២ មករានេះ លោក ហែម ចាន់លី ប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជាបានឲ្យដឹងថា សម្រាប់ព្រឹត្តការណ៍ ប្រកួតនេះ តាមពិតយើងមានគម្រោងរៀបចំតំាំងពីឆ្នំា២០១៤មកម្ល៉េះ តែដោយសារមមាញឹកនឹងភារកិច្ចពេកនោះ ទើបតម្រូវឲ្យយើងរៀបចំរហូតដល់ឆ្នាំ២០១៥នេះវិញ ។
ព្រឹត្តិការណ៍នេះក្រុមហ៊ុន K-Cement បានឧបត្ថម្ភថវិកាចំនួន ៦.០០០ដុល្លារឯណោះ សម្រាប់រៀបចំការប្រកួត ហើយនេះក៏ជាលើកទី៦ផងដែរ ដែលក្រុមហ៊ុនបានជួយឧបត្ថម្ភដល់ការប្រកួតថ្នាក់ជាតិបែបនេះ ។ លោក ហែម ថុន អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា បានប្រាប់ឲ្យដឹងដែរថា លោកសម្លឹងទៅរកការប្រកួតសម្រាប់វ័យយុវជនដែលជាថ្នាលសម្រាប់បន្តវេន ជាពិសេសគឺការត្រៀមសម្រាប់ប្រកួតកីឡា SEA Games លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះតែម្ដង ។
លោក ហែម ថុន បានបញ្ជាក់ថា វិញ្ញាសាដែលដាក់ឲ្យប្រកួតឆ្នាំនេះមានដូចជា៖ វិញ្ញាសាប្រភេទអាយុលើស ១៦ឆ្នាំបុរស ហែលចម្ងាយ ៥០ម៉ែត្រ និងចម្ងាយ ១០០ម៉ែត្រ ដែលត្រូវហែល ៤របៀប គឺរបៀបសេរី របៀបកង្កែប របៀបផ្ងារ និងរបៀបមេអំបៅ ខណៈវិញ្ញាសារហែលចម្ងាយ ២០០ម៉ែត្រ ក៏មាន ៤របៀបផងដែរ ។ ចំណែកកីឡាការិនីជំនាញអាយុលើស ១៦ឆ្នាំវិញ ត្រូវហែលចម្ងាយ ១០០ម៉ែត្រ លើវិញ្ញាសាហែលរបៀបសេរី របៀបកង្កែប របៀបផ្ងារ និងរបៀបមេអំបៅដូចគ្នាដែរ ។
រីឯវិញ្ញាសាយុវជនអាយុក្រោម ១៦ឆ្នាំ ត្រូវហែលចម្ងាយ ៥០ម៉ែត្ររបៀបសេរី និងចម្ងាយ ១០០ម៉ែត្រ របៀបកង្កែប របៀបផ្ងារ របៀបមេអំបៅ និងហែលបណ្ដាក់របៀបសេរី ១០០ម៉ែត្រ៤ដង និងផ្នែកនារីអាយុក្រោម ១៦ឆ្នាំ មានហែលចម្ងាយ ៥០ម៉ែត្រ និងចម្ងាយ ១០០ម៉ែត្រត្ររបៀបសេរី និងរបៀបកង្កែប រួមទាំងហែលបណ្ដាក់របៀបសេរី ១០០ម៉ែត្រ ៤ដងផងដែរ ។
ចំណែកវិញ្ញាសារកុមារា-កុមារីអាយុក្រោម ១២ឆ្នាំ គឺហែល ២វិញ្ញាសា ក្នុងនោះមានហែល ៥០ម៉ែត្ររបៀបសេរី និងរបៀបកង្កែបដូចគ្នា ។ ឯវិញ្ញាសារកុមារាអាយុក្រោម ៨ឆ្នាំវិញ ត្រូវហែលចម្ងាយ ៥០ម៉ែត្ររបៀបកង្កែប និងជនពិការហែលរបៀបសេរីចម្ងាយ ១០០ម៉ែត្រ និងចម្ងាយ ២០០ម៉ែត្រ ៕