ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចចិត្ត ពន្យាពេលកាលបរិច្ឆេទនៃការទទួលពាក្យចុះឈ្មោះចូលរួមប្រកួតបាល់ទាត់ពាន រង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen-Cup លើកទី៩ ឆ្នាំ២០១៥ ។
មន្ដ្រីព័ត៌មានប្រចាំសហព័ន្ធបានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះលោក គល់ សុផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសរសេរលិខិតមួយច្បាប់ ដើម្បីដាស់តឿនដល់ក្រុមកីឡាបាល់ទាត់ថ្នាក់ជាតិទាំងអស់ ដែលមិនទាន់បានមកចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Hun Sen-Cup ឆ្នាំ២០១៥ជាបន្ដ ព្រោះកាលបរិច្ឆេទឈប់ទទួលពាក្យ និងកាលបរិច្ឆេទចាប់ឆ្នោតជ្រើសរើសគូប្រកួតត្រូវបានពន្យាពេលដូចគ្នា ។
ប្រភពព័ត៌មានដដែលបន្ដថា សម្រាប់កាលបរិច្ឆេទថ្មីនៃការទទួលពាក្យ នឹងត្រូវបញ្ឈប់នៅថ្ងៃទី១៧ ខែធ្នូនេះ ខណៈកាលបរិច្ឆេទនៃការប្រជុំចាប់ឆ្នោតនឹងធ្វើឡើង២ថ្ងៃ ក្រោយឈប់ទទួលពាក្យ ពោលគឺធ្វើនៅថ្ងៃទី១៩ ខែធ្នូខាងមុខនេះ ។
នៅក្នុងលិខិតដែលចេញដោយអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាខាងលើនោះ បានបញ្ជាក់ឲ្យដឹងជុំវិញការពន្យាពេលកាលបរិច្ឆេទនៃការឈប់ទទួលពាក្យចូលរួមនេះថា គឺដើម្បីផ្ដល់ឱកាសឲ្យសមាគម-ក្លឹបបាល់ទាត់កម្ពុជាទាំងអស់ មានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀបចំឯកសារត្រៀមចូលរួមប្រកួតឲ្យបានទាន់ពេលវេលា ដូច្នេះហើយទើបសហព័ន្ធសម្រេចរំកិលកាលបរិច្ឆេទ ឈប់ទទួលពាក្យរហូតដល់ថ្ងៃទី១៧ ខែធ្នូវិញ ។
ប៉ុន្ដែបើតាមការបង្ហើបឲ្យដឹងពីអ្នកស្នេហាវិស័យកីឡាបាល់ទាត់ក្នុងស្រុកបានឲ្យដឹងថា ការពន្យាពេលដែលមានលក្ខណៈប្រញាប់ប្រញាល់បែបនេះ អាចបណ្ដាលមកពីគៀកថ្ងៃហើយ ប៉ុន្ដែមិនទាន់ទទួលបានអ្នកឈ្មោះចូលរួមគ្រប់ចំនួននៅឡើយ ដូច្នេះហើយទើបសហព័ន្ធសម្រេច ពន្យាពេលឲ្យយូរជាងមុន ។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ Hun Sen-Cup លើកទី៩នេះ គឺបែងចែកជា៦តំបន់ដូចឆ្នាំមុនៗដែរ ពោលគឺតំបន់រាជធានីភ្នំពេញមាន ១៦ក្រុមចូលរួម ប៉ុន្ដែជម្រុះយកតែ៣ក្រុមប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ។ រីឯតំបន់ខាងកើត, កណ្ដាល, ខាងលិច និងតំបន់ខាងត្បូង សុទ្ធតែមាន៥ក្រុមចូលរួមដូចគ្នា លើកលែងតែតំបន់ខាងជើង ដែលមានត្រឹម៤ក្រុមចូលរួម ប៉ុន្ដែក្នុងចំណោមតំបន់នីមួយៗ នឹងប្រកួតជម្រុះយកតែ ១ក្រុមប៉ុណ្ណោះ ដើម្បីមកប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ៕