ភ្នំពេញ៖ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF Suzuki-Cup កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤នេះ ក្រុមបាល់ទាត់ជម្រើសជាតិ ម៉ាឡេស៊ី បានធ្វើឲ្យអ្នកស្នេហា វិស័យកីឡាបាល់ទាត់ ក្នុងពិភពលោក កើតក្ដីភ្ញាក់ផ្អើល ជាខ្លាំង ក្រោយវាយបកយកឈ្នះ ក្រុមម្ចាស់ផ្ទះវៀតណាម ស្ទើរមិនគួរឲ្យជឿ ក្នុងលទ្ធផលបច្ចេកទេស ៤-២ ។
លទ្ធផលបែបនេះ ត្រូវបានអ្នកនិយម គាំទ្រវិស័យកីឡា និយាយថា ជារឿងចម្លែកមួយ បើទោះបីជាបាល់មូលក៏ដោយ ព្រោះកាលពីជួបគ្នា ជើងទី១ នៅលើទីកដីប្រទេសម៉ាឡេស៊ី ក្រុមវៀតណាម បានវាយបកយកឈ្នះក្រុមម្ចាស់ះផ្ទះ នៅតង់ទី២ ដោយលទ្ធផល ២-១ ហើយក៏ធ្វើឲ្យអ្នកគាំទ្រ ក្រុមទាំង២ កើតទំនាស់វាយគ្នា ផ្អើលទីលានទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកវិភាគបាល់ទាត់ មួយចំនួន ថែមទាំងធ្វើការទស្សន៍ទាយ ទុកមុនទៀតថា ម៉ាឡេស៊ី ចាញ់ក្នុងទឹកដីហើយ ច្បាស់ជាមិនអាចសងសឹក ក្រៅទឹកដីជាមួយក្រុម ជម្រើសជាតិវៀតណាមនោះទេ ។
ប៉ុន្ដែអ្វីៗត្រូវប្រែប្រួល ទាំងស្រុង ដោយសារម៉ាឡេស៊ី បានបំបាក់មុខមាត់ ក្រុមម្ចាស់ផ្ទះវៀតណាម រហូតដល់ទៅ ៤-២ឯណោះ នៅលើទីលាន ពហុកីឡដ្ឋាន My Dinh នាទីក្រុងហាណូយ ដែលជាហេតុធ្វើឲ្យ ក្រុមជម្រើសជាតិម៉ាឡេស៊ី ទទួលបានកៅអី វគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតប្រជែង ជាមួយក្រុមជម្រើសជាតិថៃ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ ។
ចំពោះសកម្មប្រកួត ដែលមានអ្នកគាំទ្រ រាប់ពាន់ចូលរួមទស្សនា កាលពីយប់មិញ ក្រុមភ្ញៀវម៉ាឡេស៊ី បានរកគ្រាប់បាល់ នាំមុខមុនចំនួន ២គ្រាប់ ដែលធ្វើបានសម្រេច ដោយកីឡាករ Safiq Rahim នៅនាទីទី៤(ប៉េណាំងទី) និងកីឡាករ Norshahrul Idlan នៅនាទីទី១៦ ។ ក្រោយមក លេងមិនទាន់បានប៉ុន្មានផង កីឡាករ Le Cong Vinh បានរកគ្រាប់បាល់ ១គ្រាប់ ឲ្យក្រុមម្ចាស់វៀតណាមវិញ នៅនាទីទី២២ ដោយគ្រាប់ បាល់ប៉េណាំងទី ។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុមភ្ញៀវម៉ាឡេស៊ី នៅតែក្ដាប់ឱកាសបានច្រើនជាង ហើយបានស៊ុតបន្ថែម ២គ្រាប់ទៀត មុនបញ្ចប់តង់ទី១ ធ្វើឲ្យម៉ាឡេស៊ី រកបានគ្រាប់នាំមុខ ៤-១ ជាបណ្ដោះអាសន្ន ។ រីឯតង់ទី២ ក្រុមទាំង២ បានផ្លាស់ប្ដូរយុទ្ធសាស្ដ្រ លេងដូចគ្នា អមជាមួយនឹងសំឡេង ហ៊ោរកញ្ជ្រៀវ គាំទ្រពេញទីលាន ។ ទីបំផុតក្រុមជម្រើសជាតិវៀតណាម រកបានគ្រាប់បាល់ ១គ្រាប់ ទៀតប៉ុណ្ណោះ មុននឹងបញ្ចប់ការប្រកួតពេញម៉ោង ដែលរកបាន ដោយកីឡាករ Cong Vinh នៅនាទីទី៧៩ ។
សូមរំឭកថា កាលពីឆ្នាំ២០១០ ម៉ាឡេស៊ី ធ្លាប់គ្រងតំណែង ជើងឯកក្នុងប្រវត្តិសាស្ដ្រ របស់ខ្លួនម្ដងមកហើយ ហើយក៏ធ្លាប់បំបាក់ក្រុមវៀតណាម ក្នុងវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ២-០ផងដែរ ។ ប៉ុន្ដែជំនួបវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមម៉ាឡេស៊ី និងថៃឆ្នាំនេះ មិនដឹងថាក្រុមណា នឹងលើកពានប្រចាំ តំបន់មួយនេះទេ ដូច្នេះសូមរង់ចាំទស្សនា លទ្ធផលជាក់ស្ដែង ទាំងអស់គ្នា ៕