ភ្នំពេញ៖ សម្រាប់សប្ដាហ៍ទី២ នៃព្រឹត្តិការណ៍ ITF Men’s Futures 2014 បានបញ្ចប់ការប្រកួតទៀតហើយដោយ ជើងឯកធ្លាក់ទៅលើកណ្ដាប់ដៃ កីឡាករអាល្លឺម៉ង់ គឺកីឡាករ Kern Robin និងកីឡាករ Wagner Sebastian បន្ទាប់ពីវាយបកយកឈ្នះលើក្រុមកីឡាករ Wang Chieh Fu និងកីឡាករ Yi Chu Huan មកពីចិនតៃវ៉ាន់ក្នុងលទ្ធផលបច្ចេកទេស ២-១សិត ។
ការប្រកួតកីឡាវាយកូនបាល់ខ្នាតអន្ដរជាតិសប្ដាហ៍ទី២នេះ គេប្រសិទ្ធនាមថា ពានរង្វាន់ «GLF ចម ប្រសិទ្ធ Open» ដែលបានដំណើរការការប្រកួត ជិតមួយសប្ដាហ៍ពេញ ពោលគឺចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី២៣-២៨ ខែវិច្ឆិកាទើបបញ្ចប់ នៅលើទីលានវាយកូនបាល់ CCC ។
ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងកីឡាករអាល្លឺម៉ង់ Kern Robin និងកីឡាករ Wagner Sebastian ទល់និងកីឡាករចិនតៃវ៉ាន់ Wang Chieh Fu និងកីឡាករ Yi Chu Huan កាលពីល្ងាចថ្ងៃទី២៨ វិច្ឆិការនោះ បើកឆាកកីឡាករចិនតៃប៉ិ បានប្រកួតឈ្នះក្រុមកីឡាករអាល្លឺម៉ង់ ៦-៣ពិន្ទុមុន ។ ប៉ុន្ដែសិតទី២ និងសិតទី៣ កីឡាករអាល្លឺម៉ង់ បានធ្វើការវាយបកយកឈ្នះ ២សិតជាប់គ្នាវិញ ក្នុងលទ្ធផល ៦-៣ពិន្ទុ និង ១០-៥ពិន្ទុ ជាហេតុធ្វើឲ្យកីឡាករអាល្លឺម៉ង់ ទាំង២រូបលើកពាននៅលើវិញ្ញាសារវាយគូតែម្ដង ៕