ក្រុងឡុងដ៍៖ អ្នកចាត់ចែងការ ទូទៅក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger បានធ្វើការតិះតៀន ព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក World Cup 2014 យ៉ាងចាស់ដៃ ថាបានធ្វើឲ្យកីឡាករ របស់លោករងរបួសច្រើន ក្នុងខណៈដែល ក្រុមជម្រើសជាតិអាល្លឺម៉ង់ ឈ្នះពានដ៏អស្ចារ្យមួយនេះ ។
គ្រូបង្វឹកជនជាតិបារាំង វ័យ៦៤ឆ្នាំ ខាងលើបានថ្លែងបា្រប់គេហទំព័រ Mirror ថា “ខ្ញុំបានអនុញ្ញាតឲ្យពួកគេ ទៅចូលរួមលេងក្នុង ជម្រើសជាតិរៀងៗខ្លួន តាមការកោះហៅគ្រូបង្វឹក ជម្រើសជាតិនីមួយៗ តែអ្វីដែលខ្ញុំទទួល បានមកវិញគឺកីឡាករ ភាគច្រើនបាន រងរបួសជាទម្ងន់ និងធ្លាក់ទម្រង់ជាខ្លាំង ពេលលេងនៅក្នុងក្លឹប ដោយសារតែរបួសរាំរ៉ៃពី World Cup មក នោះ” ។
គ្រូបង្វឹកដែលដឹក Arsenal រយៈពេល១៨ឆ្នាំ មកនេះបានបន្ថែមទៀតថា “តួយ៉ាងដូចជាខ្សែប្រយុទ្ធ ជនជាតិបារាំង Olivier Giroud មិនបា្រកដថាពេលណា ជាសះស្បើយពីរបួសនោះទេ ខណៈដែលមិត្តរួម ក្រុមខ្សែការពារ Mathieu Debuchy បានកំពុងតែសម្រាកព្យាបាល របួសកែងជើងដែរនោះ ។ មួយវិញកីឡាករខ្សែ បម្រើប្រយុទ្ធសំខាន់ Mesut Ozil បានលេងទាំងមាន របួសជើងខាងឆ្វេង និងបានរងរបួសជង្គង់ធ្ងន់ធ្ងរ ថែមទៀតពេលប្រកួត ចាញ់ក្រុមភ្ញៀវ Chelsea ២-០ នោះ” ។
ជាមួយគ្នានោះដែរសម្រាប់ រដូវកាលឆ្នាំ២០១៤-២០១៥នេះ Arsenal បានឈរនៅចំណាត់ថ្នាក់ លេខ១ក្នុងនាមជាក្លឹប ដែលមានកីឡាកររបួស ច្រើនជាងគេ ស្ទើរតែទាំងអស់ និងសុទ្ធសឹងតែជា កីឡាករសំខាន់ៗ ថែមទៀត សូម្បីតែកីឡាករ ខ្សែបម្រើប្រយុទ្ធជម្រើសជាតិវ៉េល Aaron Ramsey ដែលមិនបានទៅលេង World Cup ក៏បានរងរបួសដែរ ខណៈពេលដែលខ្សែការពារ ជនជាតិបារាំង Laurent Koscielny បានចេញរមាស់ពេញខ្លួន ដែលត្រូវការរយៈពេល ១ខែដើម្បី ព្យាបាលរបួសទៀតផង ។
ឆ្លងកាត់៧ប្រកួតនៅ Premier League ក្រុមកាំភ្លើងធំបានកំពុងតែឈរ នៅលេខរៀងទី៨ បណ្តោះអាសន្ន ដោយមាន១០ពិន្ទុ ពីការឈ្នះ២ ស្មើ៤ និងចាញ់១ដោយស៊ុតបញ្ចូលទី គេបាន១១គ្រាប់ និងរបូតវិញ៩គ្រាប់ ។ Arsenal នឹងត្រូវបើកទ្វារកីឡដ្ឋាន Emirates ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Hull City នាម៉ោង ២១ និង០០នាទីស្អែកនេះ (ម៉ោងនៅកម្ពុជា) នៃព្រឹត្តិការណ៍ Premier League ប្រចាំសប្តាហ៍ទី៨ និងអាចមានវត្តមាន ខ្សែប្រយុទ្ធ Theo Walcott ចូលលេងលើកទី១ផងដែរ ក្រោយពីបាត់មុខ អស់រយៈពេលជាង ៩ខែមកនេះ ដោយសារបញ្ហារបួស ៕
គ្រូបង្វឹក Arsene Wenger
ខ្សែប្រយុទ្ធ Olivier Giroud
ខ្សែបម្រើប្រយុទ្ធ Aaron Ramsey
ខ្សែបម្រើប្រយុទ្ធ Mesut Ozil
ខ្សែការពារ Mathieu Debuchy
ខ្សែប្រយុទ្ធ Theo Walcott