ភ្នំពេញ៖ ការប្រកួតកីឡាល្បុក្កតោ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៤ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដែលទើបនឹងបញ្ចប់ នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ គឺទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន អ្នកគាំទ្រវិស័យ កីឡា និងថ្នាក់ដឹកនាំ កីឡាថ្នាក់ជាតិ ជាពិសេសក៏មានការ ឧបត្ថម្ភពីក្រុមស្រាបៀរ Black Panther ផងដែរ ។
ក្នុងពិធីបិទការប្រកួត ផ្លូវការព្រឹកមិញនេះ គឺទទួលបានការអញ្ជើញ ចូលរួមគាំទ្រពីសំណាក់ថ្នាក់ ដឹកនាំកីឡាជាច្រើនរួម មានលោក ណឹម សុវត្ថិ ប្រធានគណៈកម្មការ កីឡាយុទ្ធសិល្ប៍កម្ពុជា, លោក ប៉ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជា រួមទាំងមន្ដ្រីក្រោមឱវាទ និងកីឡាករ-កីឡាការិនី ជាច្រើននាក់ទៀត ។
លោក ហុក ឈាងគីម បានថ្លែងឲ្យដឹងថា ការប្រកួតកីឡាល្បុក្កតោ ជើងឯកថ្នាក់ជាតិឆ្នាំនេះ បានធ្វើឡើងរយៈពេល៥ថ្ងៃ ជាប់គ្នាចាប់ពីថ្ងៃទី១៣-១៧ ខែតុលានៅក្នុង សាលដំបូលទូក ស្ថិតក្នុងពហុកីឡដ្ឋានជាតិ ដោយមានកីឡាករ-កីឡាការិនី សរុបចំនួន១២១នាក់ (ស្រី ១៦នាក់) មកពី១៥ សាលាគុនចូលរួមប្រកួត ដែលគណៈកម្មការ បែងចែកជា២វិញ្ញាសាធំៗ គឺវិញ្ញាសាសម្ដែង និងវិញ្ញាសាប្រយុទ្ធ ។
ជាលទ្ធផលក្រោយឆ្លងកាត់ ការប្រកួតយ៉ាងកក្រើក ពហុកីឡដ្ឋានជាតិនោះ សម្រាប់វិញ្ញាសាសម្ដែង គឺទម្រង់ទ្វារមេគុន បុរសលេខ១ បានទៅកីឡាករ យ៉េប យ៉េន មកពីសាលាគុនតុបកែបៃតង និងផ្នែកនារីលេខ១ បានទៅកីឡាការិនី ខៀវ ចិន្ដារ័ត្ន មកពីសាលាគុនពុទ្ធិសាស្ដ្រ ។ ទម្រង់ទ្វារមេគុនបុរស២នាក់ លេខ១បានទៅសាលា គុនពុទ្ធិសាស្ដ្រ រួមមាន កីឡាករ ហែម ចិត្រា និង តូច ស៊ីវុណ្ណ ឯផ្នែកនារី លេខ១ បានទៅកីឡាការិនី ណាន ហ៊ូណំា និង រីម ចាន់ណា មកពីសា លាគុនតុកកែបៃតង ។
ទម្រង់មេគុនដំបងខ្លីសម្តែងឯកត្តជនបុរស លេខ១បានទៅកីឡាករ ឌុល ឧត្តម និងផ្នែកនារីកីឡាការិនី ខៀវ ចិន្តារ័ត្ន ដែលទំាងពីរនាក់ មកពីសាលាគុន ពុទ្ធិសាស្រ្តដូចគ្នា ។ ទម្រង់ទ្វារមេគុនរំឮក គុនគ្រូឯកជនបុរស លេខ១កីឡាករ ហែម ចិត្រា និងលេខ១ផ្នែកនារី លេខ១កីឡាការិនី រិន សុគី មកពីសាលាគុន ពុទ្ធិសាស្រ្តដូចគ្នា ។
ចំណែកលទ្ធផលវិញ្ញាសាប្រយុទ្ធ គឺមានសមប្រយុទ្ធខែលល្បុក្កតោ ប្រយុទ្ធទល់នឹងដំបងវែង លេខ១កីឡាករ ស៊ន វិនុត និង នួន រ៉ាវីត សាលាគុនអង្គរមានរិទ្ធិ, សមប្រយុទ្ធដៃចម្រុះអាវុធ ដំបងខ្លី ដំបងវែង កាំបិទខ្លី ខែល និងដាវទោល លេខ១កីឡាករ វី សារ៉ា និង ថាច ថវិកា មកពីសាលាគុនព្រះខ័នជ័យ, ស្នៀតការពារខ្លួននារី និងបុរសលេខ១ កីឡា ការិនី ខៀវ ចិន្ដារ័ត្ត និងកីឡាករ ឌុល ឧត្តម និងប្រយុទ្ធប្រភេទ ទម្ងន់៥៦គីឡូក្រាម លេខ១បានទៅកីឡាករ ណយ ទោម មកពីសាលាគុនមរតកខ្មែរ ៕