ភ្នំពេញ៖ ស្របពេលព្រឹត្តិការណ៍ប្រកួតកីឡាជើងឯកអាស៊ី Asian Games លើកទី១៧ នៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េខាងត្បូង ខិតជិតមកដល់នោះ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកិច្ចប្រជុំមួយនៅ ទីស្នាក់ការរបស់ខ្លួន ដើម្បីផ្ដល់ដំបូន្មានខ្លះៗ ដល់អត្តពលិក គ្រូបង្វឹក ប្រតិភូ ដែលត្រូវចេញ ទៅប្រកួតក្នុងព្រឹត្ដិការណ៍ ប្រចាំតំបន់មួយនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិកា NOCC បានមានប្រសាសន៍ថា នេះគឺជាខួបលើកទី៦០ ហើយសម្រាប់ការ វិលត្រឡប់ ទៅចូលរួមប្រកួតកីឡា Asian Games របស់ក្រុមកីឡាកម្ពុជាដូច្នេះ យើងត្រូវតែខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ប្រកួត ឲ្យបានម៉ត់ចត់បំផុត ក្នុងការស្វែងរក មេដាយជូនប្រទេសជាតិ។
លោកបន្ដថា ចាប់តាំងពីឆ្នាំ១៩៥៤ រហូតដល់ឆ្នាំ២០១៤ ក្រុមអត្តពលិកកម្ពុជា មិនបានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ នេះឡើយ ដោយសារប្រទេស កម្ពុជាជួបវិបត្តិសេដ្ឋកិច្ច និងសង្គ្រាមរ៉ាំរ៉ៃមួយចំនួន ប៉ុន្ដែមុននឹងកម្ពុជា អវត្តមាននោះ នៅ ឆ្នាំ១៩៥២ មានកីឡាករប្រដាល់ សកលម្នាក់ (បច្ចុប្បន្នគាត់ស្លាប់ហើយ) គឺកីឡាករ យូ ជីងហុង ដែលជាវីរបុរសរក បាន មេដាយសំរិទ្ធ១គ្រឿង មុនគេឲ្យកម្ពុជាពីព្រឹត្តិការណ៍ Asian Games នេះ។
ទោះបីជាយ៉ាងណាសម្រាប់ការឆ្ពោះទៅប្រកួតកីឡា Asian Games ឆ្នាំ២០១៤នេះលោក វ៉ាត់ ចំរើន បានដាក់គោល ដៅថ្មីមួយទៀតគឺអត្តពលិក កម្ពុជាត្រូវស្វែងរកមេដាយ យ៉ាងតិចឲ្យបាន១គ្រឿង ឲ្យកម្ពុជា ប៉ុន្ដែនៅឆ្នាំបន្ដបន្ទាប់ទៀត លោកនឹងរៀបចំ យុត្តិសាស្ដ្រថ្មីៗបន្ថែមទៀត ដើម្បីរកមេដាយឲ្យបាន កាន់តែច្រើន។ ដូច្នេះការចូលរួមលើកនេះ ទាំងគ្រូ បង្វឹក កីឡាករ-កីឡាការិនី ត្រូវត្រៀមលក្ខណៈ ឲ្យបានម៉ត់ចត់បំផុត តាំងពីការចេញដំណើរ ការស្នាក់នៅ ការហូបចុក និងការហ្វឹកហាត់ជាដើម គឺត្រូវធ្វើយ៉ាងណា ឲ្យមានរបៀបរៀបរយជានិច្ច ដើម្បីចៀសវាង ការបាត់បង់កម្លាំង នៅពេលប្រកួត។
អគ្គលេខាធិការខាងលើបានបញ្ជាក់ថា ប្រតិភូ-គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលត្រូវចេញដំណើរទៅទីក្រុង Incheon ប្រទេសកូរ៉េនោះមាន ចំនួន៣៦នាក់ ក្នុងនោះ មានកីឡាករ២២នាក់, គ្រូបង្វឹក៨នាក់ និងមន្ដ្រី៦នាក់ ដែលដឹក នាំដោយលោក ញ៉ាន សុខវិសាល នាយកបេសកកម្ម ដឹកនាំអត្តពលិកកម្ពុជា។ ចំពោះកម្មវិធីប្រកួត នឹងបើការប្រកួតផ្លូវ ការនៅថ្ងៃទី១៩ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ទើបបញ្ចប់ ។
ជាមួយគ្នានោះដែរលោក វ៉ាត់ ចំរើន ក៏បានបញ្ជាក់ប្រាប់ ដល់អត្តពិកសម្រាប់ អ្នកដណ្ដើមបានជ័យលាភី ផងដែរ គឺប្រាក់ រង្វាន់របស់រដ្ឋាភិបាល តាមអនុក្រឹត្យថ្មីឆ្នាំ២០១៣ សម្រាប់មេដាយមាស នឹងទទួលប្រាក់រង្វាន់ ចំនួន៨០លានរៀល, មេ ដាយប្រាក់៤០លានរៀល និងមេដាយសំរិទ្ធ ២៤លានរៀល។ មិនត្រឹមតែប៉ុណ្ណោះ សណ្ឋាគារណាហ្គាវើល និងក្រុមហ៊ុនស្រាបៀអង្គរ សុទ្ធតែប្ដេជ្ញាចិត្តផ្ដល់ រង្វាន់ដល់អ្នកដណ្ដើមបាន ជ័យលាភី លើសពីប្រាក់រង្វាន់ ដែលផ្ដល់ជូនកាលពី SEA Games លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ាទៀត។
គួរបញ្ជាក់ថា ក្រុមប្រតិភូ-គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា នឹងចេញដំណើរនៅយប់ថ្ងៃទី១៥ ខែកញ្ញានេះ តាមជើងយន្ដហោះ ភ្នំពេញអន្ដរជាតិ វេលាម៉ោង ១១:២០នាទី៕