ភ្នំពេញ៖ មកដល់ពេលនេះទីលានផ្ទាល់ខ្លួន របស់ក្រុមម្ចាស់ជើងឯក បានបាល់ទាត់ជាតិឆ្នាំ២០១៣ ខេត្តស្វាយរៀង សាងសង់ជិតរួច ជាស្ថាពរហើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹង នៅលើគណនី Facebook ផ្ទាល់ខ្លួនរបស់ក្លឹប។ ប៉ុន្ដែក្នុងយុទ្ធនាការបញ្ចប់ការ ប្រកួតពាន Metfone Cambodia League កាលពីពេលថ្មីៗ កន្លងទៅនេះ ស្វាយរៀង បានធ្លាក់ទៅ ចំណាត់ថ្នាក់លេខ៤វិញ ក្រោយមានទម្រង់លេង ធ្លាក់ចុះនោះ។
ទោះបីជាយ៉ាងណាលោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមស្វាយរៀង ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ក្រោយក្លឹបបង្កើតទីលានផ្ទាល់ ខ្លួនហើយនោះ លោកសង្ឃឹមថា ក្រុមស្វាយរៀងនឹងមានទម្រង់ លេងល្អប្រសើរ ជាងមុនវិញ ព្រោះក្លឹបមានផែនការ ហ្វឹក ហាត់ច្បាស់លាស់ គួបផ្សំជាមួយការ មានទីលានហាត់ ត្រឹមត្រូវនោះ ។ ដូច្នេះបន្ទាប់ពីមាន និងសម្ពោធដាក់ឲ្យ ប្រើប្រាស់ផ្លូវការ នូវទីលានបាល់ទាត់ ខេត្តស្វាយរៀងនោះ ចាំមើល តើក្រុមស្វាយរៀង អាចកសាងស្នាដៃ ដើម្បីដណ្ដើមពាន Metfone Cambodia League បានដែរឬទេសម្រាប់ រដូវកាលថ្មីឆ្នាំ២០១៥នោះ?
ទស្សនិកជនធ្លាប់ស្គាល់ពីសមាសភាពក្រុមដែលទើបប្ដូរឈ្មោះពីព្រះខ័នរាជ ទៅក្រុមស្វាយរៀងនេះហើយថាក្រុមនេះ បានបណ្ដុះបណ្ដាលយុវជនថ្នាលជាច្រើន ហើយក៏មានកីឡាករល្បីៗក្នុងស្រុកមួយចំនួនចេញពីក្លឹបនេះដែរដូចជា កីឡាករ ឃួន ឡាបូរ៉ាវី និងកីឡាករ ចាន់ វឌ្ឍនាកា ជាដើមដែលចេញពី ស្វាយរៀងទៅលេងឲ្យ ក្លឹបចម្ការកៅស៊ូបឹងកេតដូចគ្នា ។
ពាក់ព័ន្ធនឹងការសាងសង់ទីលានផ្ទាល់ខ្លួននេះ អ្នកស្នេហាវិស័យកីឡា ក្នុងស្រុកជា ច្រើនបានគាំទ្រ ហើយក៏លើកទឹកចិត្ត ឲ្យក្លឹបបាល់ទាត់ ដទៃទៀតបង្កើត ទីលានខ្លួនឯងផងដែរ ព្រោះវាអាចជួយឲ្យ ការហ្វឹកហាត់មាន ការរីកចម្រើន និងបង្កើន សមត្ថភាពកីឡាករ ក្នុងស្រុកទៀតផង ។ ដូច្នេះក្រោយសម្ពោធទីលាន ខាងលើជាផ្លូវការ នោះគេសង្ឃឹមថា ស្វាយរៀង មានការរីកចម្រើន ហើយក៏អាចដណ្ដើម តំណែងជើងឯក ពានបាល់ទាត់ថ្នាក់ជាតិ ត្រឡប់មកវិញផងដែរ ខណៈក្រុមភ្នំ ពេញក្រោន កំពុងគ្រប់គ្រងនោះ ។
លោក អោក សំណាង អគ្គលេខាធិការក្លឹបបាល់ទាត់ ខេត្តស្វាយរៀង បានឲ្យដឹងថា ទីលានខេត្តស្វាយរៀង គឺធ្វើឡើង ដោយមានលក្ខណៈស្ដង់ដា ពោលគឺស្របតាម ការកំណត់របស់សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ដែលបានបញ្ញត្តិថា ក្លឹបដែលមានបំណង ចង់ធ្វើជាម្ចាស់ផ្ទះ ពានលីកអាជីព ក្នុងស្រុក ចាំបាច់ត្រូវបំពេញលក្ខណៈ មួយចំនួនដូចជា ទីលានខ្នាតស្តង់ដារ មានស្មៅ មានសុវត្ថិភាព មានរបងព័ទ្ធជុំវិញ មានសន្តិសុខ មានបន្ទប់ ផ្លាស់សំលៀកបំពាក់ បន្ទប់ធ្វើការ មានបង្គន់អនាម័យ និងមានកន្លែងសម្រាប់ទស្សនិក ជនអង្គុយទស្សនា យ៉ាងហោចណាស់ ១.០០០ នាក់ជាដើម ៕