ភ្នំពេញ៖ ការប្រកួតជម្រុះដណ្ដើម ខ្សែក្រវាត់ជើងឯកស្រាបៀរកម្ពុជា ទម្ងន់ ៥៧គីឡូក្រាម នៅសង្វៀន ទូរទស្សន៍ SEA TV នារសៀលថ្ងៃអាទិត្យទី ២០ ខែកក្កដា ឆ្នាំ២០១៤ខាងមុខនេះ ជាការប្រកួតជម្រុះ ក្នុងពូលA គឺអ្នកប្រដាល់ ម៉ន សាម៉េត ក្លឹបព្រែកឯងកីឡា ត្រូវជួបប្រកួត ជាមួយអ្នកប្រដាល់ ឈិន ធារ៉ា ក្លឹបអប់រំកាយ ស្រុកអន្លង់វែង និងអ្នកប្រដាល់ សូត្រ ប៊ុនធី ក្លឹបបក្សីស្លាបដែក ត្រូវជួបប្រកួត ជាមួយអ្នកប្រដាល់ សោម វិឆ័យ ក្លឹប សាលវ័ន្តកីឡា។
អ្នកប្រដាល់ ម៉ន សាម៉េត និងអ្នកប្រដាល់ ឈិន ធារ៉ា ពួកគេទាំងពីរនាក់នេះ ថ្វីត្បិតតែជាអ្នក ប្រដាល់ចាស់វស្សា ប៉ុន្តែពុំដែលប្រកួត ជាមួយគ្នា ម្តងណាឡើយ ។ នេះជាលើកទី១ ដែលអ្នកទាំង២ត្រូវជួបគ្នា។ ប៉ុន្តែទោះជាយ៉ាងណាក្តី ទស្សនិកជនបានធ្វើការ វាយតម្លៃថា សាម៉េត អាចមាន ប្រៀបលើ ធារ៉ា ដោយសារតែ សាម៉េត មានចិត្តជាអ្នកប្រដាល់ធំជាង ហើយមានស្នៀត និងមានផ្លែល្អជាង ធារ៉ា ។ ក្នុងការប្រកួតជម្រុះ ខ្សែក្រវាត់ ស្រាបៀរកម្ពុជា នៅក្នុងពូលA ឈិន ធារ៉ា ២ប្រកួតចាញ់ ទាំង២ប្រកួត មាន២ពិន្ទុ ។ ឯម៉ន សាម៉េត ២ប្រកួត ឈ្នះទាំង២ប្រកួតមាន៦ពិន្ទុ ។
ចំពោះការជួបគ្នារវាង សូត្រ ប៊ុនធី និង សោម វិឆ័យវិញ ហាក់ពិបាកទស្សន៍ទាយ ឈ្នះចាញ់ណាស់។ ដ្បិតថា អ្នកប្រដាល់ សូត្រ ប៊ុនធី មាន កាយសម្បទាល្អ ខ្ពស់ វែង មានផ្លែជង្គង់ កែងល្អ តែសោម វិឆ័យ វិញ ជាអ្នកប្រដាល់មានចិត្តស៊ូ ចំពោះការប្រកួត ខ្លាំងណាស់ មិនងាយឲ្យអ្នកណា យកឈ្នះ រូបគេ ដោយស្រួលៗនោះទេ ។ ពួកគេទាំង២នាក់ ប្រកួតបាន៣ប្រកួត ដោយចាញ់ទាំង៣ប្រកួត បាន៣ពិន្ទុដូចគ្នា ហើយការប្រកួតលើនេះ គឺជាការប្រកួតបង្រ្គប់ កិច្ចតែប៉ុណ្ណោះ៕