ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)លោក វ៉ាត់ ចំរើន នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤នេះ បាននាំយកនូវមូលនិធីចំនួន ៦.០០០ដុល្លារអាមេរិក ទៅប្រគល់ជូនដល់មន្ទីរពេទ្យ គន្ធបុប្ឋា ដើម្បីជួយសម្រួលក្នុងការព្យាបាល និងជួយសង្គ្រោះដល់កុមារមានជម្ងឺផ្សេងៗ ។
លោក វ៉ាត់ ចំរើន បានមានប្រសាស៍ថា មូលនិធី ៦.០០០ដុល្លារ ដែលប្រាក់សប្បុរសធម៌ សម្រាប់បរិច្ចាគជួយដល់មន្ទីពេទ្យគន្ធបុប្ឋានេះ មិនមែនជាប្រាក់ របស់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា នោះទេ ប៉ុន្ដែគឺជាប្រាក់ ដែលយើងទទួលបានពី ការរៀបចំព្រឹត្តិការណ៍ កីឡា រត់ប្រណាំងពាក់កណ្ដាល ម៉ារ៉ាតុង ភ្នំពេញអន្ដរជាតិ លើកទី៤ នៅខាងមុខព្រះបរមរាជវាំង កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅនេះ ។
ក្នុងពិធីប្រគល់ ប្រាក់នោះលោកបាន បន្ដឲ្យដឹងទៀតថា “នេះគឺជាគំនិតផ្ដួចផ្ដើម របស់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្នុងការ ស្វែងរកមូលនិធីតាម រយៈសកម្មភាពកីឡា ដើម្បីយកមកជួយដល់ មន្ទីរពេទ្យគន្ធរបុប្ឋា ក៏ដូចជាជួយដល់ សង្គមជាតិ យើងផងដែរ” ។
លោក Laurent Denis សញ្ញាតិបារាំង ដែលជាអនុប្រធាន មូនិធិមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងថា ជាធម្មតារៀងរាល់ថ្ងៃ តែងតែមាន សប្បុរសជន នាំប្រាក់សប្បុរសធម៌ មកជូនដល់ មន្ទីរពេទ្យនេះជានិច្ច គឺមានតិច-ច្រើន ជាលក្ខណៈឯកជននិងមានស្ថាប័នរដ្ឋ ។
លោកបន្ដថា តាមរបាយការណ៍ពាក់កណ្ដាល ឆ្នាំ២០១៤នេះ យើងទទួលបានប្រាក់ ជាបន្តបន្ទាប់សរុបចំនួន ៣០ម៉ឺនដុល្លារអាមេរិក រួចហើយ ខណៈឆ្នាំ២០១៣ យើងទទួលបាន ៥០ម៉ឺនដុល្លារ ដូច្នេះយើងសង្ឃឹមថា ក្នុងឆ្នាំ២០១៤នេះ យើងនឹងទទួលបានប្រាក់ សប្បុរសធម៌ ១លានដុល្លារ ពីសប្បុរសជននានា ប៉ុន្ដែការចំណាយ ក្នុងមួយឆ្នាំៗ អស់រហូតដល់ ៤០លានដុល្លារឯណោះ ។
ទោះបីជាយ៉ាងណាអនុប្រធានមូនិធិមន្ទីរពេទ្យគន្ធបុប្ផាខាងលើ បានសម្ដែងអារម្មណ៍សប្បាយរីករាយជាខ្លាំង ដោយលោកបាននិយាយថា “ថ្ងៃនេះខ្ញុំមានក្ដីរំភើបក្រៃលែង ដែលទទួលបានប្រាក់ចំនួន ៦.០០០ដុល្លារពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាស្ថាប័នកីឡាឯករាជ្យ មិនធ្វើនយោបាយ មិនធ្វើអាជីវកម្មរកប្រាក់ចំណេញ ប៉ុន្តែបានគៀងគរ និងរួបរួមគ្នាស្វែងរកសប្បុរសជនតាមរយៈសកម្មភាពកីឡា មកជួយ ដល់មន្ទីពេទ្យយើង ដើម្បីជួយក្មេងក្រីក្រដែលមានជម្ងឺ” ៕