Instagram ជាបណ្ដាញទំនាក់ទំនង សង្គមបែបរូបភាព ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១០ សម្រាប់ប្រើប្រាស់ ក្នុងការចែករំលែករូបភាព នៅលើស្មាតហ្វូន ហើយនៅពេលនេះ វាបានក្លាយជាបណ្ដាញសង្គម ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ ស្ថិតនៅលំដាប់ទី៤។ ក្រោយពីបង្កើត បាន២ឆ្នាំ បណ្ដាញសង្គមមួយនេះ ក៏ត្រូវបានបណ្ដាញសង្គមយក្ស Facebook សម្លឹងឃើញ ហើយទិញយក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក ខណៈដែល Instagram មានបុគ្គលិកតែ ១១នាក់។
គិតត្រឹមថ្ងៃទី១១ខែកក្កដា ឆ្នាំ ២០១៤ កន្លងទៅនេះ ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Instagram បានកើនឡើងដល់ ១៨២.៥០០.០០០នាក់ ក្នុងនោះ មានអ្នកប្រើប្រាស់ជា ប្រចាំខែចំនួន ២០០លាននាក់។ តើលោកអ្នកដឹងទេថា ក្នុងមួយថ្ងៃមានរូបថត ប៉ុន្មានសន្លឹកត្រូវបាន Upload ចូលទៅកាន់ Instagram?
យោងតាមរបាយការណ៍របស់ Internet Live Stats បានឲ្យដឹងថា ក្នុង១វិនាទី មានរូបថតចំនួន ១.១៧២សន្លឹកត្រូវបាន Upload ចូលទៅក្នុង Instagram ដូច្នេះក្នុង១ថ្ងៃ មានរូបថតចំនួន ១០១.២៦០.៨០០សន្លឹកត្រូវបាន Upload។ យោងតាមតួលេខរបស់ Instagram បានឲ្យដឹងថា បច្ចុប្បន្នមានរូបថតជាង ២០ពាន់លានរូប ត្រូវបានចែករំលែក នៅលើបណ្ដាញសង្គម៕