Samsung ជាក្រុមហ៊ុនអេឡិចត្រូនិក មួយដ៏ធំនៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុន ដែលផ្ដោតសំខាន់លើ សម្ភារប្រើប្រាស់នៅក្នុង គេហដ្ឋានផងដែរ ដូចជាទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកករ និងម៉ាស៊ីនបោក សម្លៀកបំពាក់ជាដើម។
ថ្មីៗនេះ សារព័ត៌មាន WSJ បានចុះផ្សាយថា ក្រុមហ៊ុន Samsung ចង់ពង្រីកមហិច្ឆិតារបស់ខ្លួន ក្នុងការគ្រប់គ្រងឧបករណ៍ ប្រើប្រាស់នៅក្នុងលំនៅដ្ឋាន ដោយកំពុងតែសម្លឹងចង់ ទិញក្រុមហ៊ុនមួយឈ្មោះថា SmartThings។
SmartThings ជាប្រភេទក្រុមហ៊ុន Smart Home ដែលមានជំនាញខាងគ្រប់គ្រងទៅ លើឧបករណ៍ប្រើប្រាស់នៅក្នុងគេហដ្ឋាន ដែលទើបនឹងបង្កើត ឡើងបានរយៈពេល ២ឆ្នាំ វាផ្ដល់នូវភាពងាយស្រួល អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រង បញ្ជាទៅលើឧបករណ៍ផ្សេងៗ នៅក្នុងគេហដ្ឋានតាមរយៈកម្មវិធី ក្នុងការបិទ-បើកទ្វា ឧបករណ៍បំពងសំឡេង ឧបករណ៍ឆុងកាហ្វេ ជាដើម។
យោងតាមប្រភពខាងលើ បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន Samsung កំពុងតែចរចារឿងតម្លៃ ហើយបើតាមការវិភាគ ប្រហែលជាទិញក្នុងតម្លៃ ២០០លានដុល្លារអាមេរិក។ ប្រសិនបើនេះជាការពិតមែននោះ ក្រុមហ៊ុន Samsung នឹងក្លាយជាក្រុមហ៊ុន Smart Home មួយដ៏អស្ចារ្យបន្ថែមទៀត ជាពិសេសទីផ្សារសម្ភារ លំនៅដ្ឋានរបស់ Samsung កាន់តែមានឥទ្ធិពល៕