ភ្នំពេញ៖ ប្រាក់ចំណូលរបស់រដ្ឋាករទឹកស្វ័យត ក្រុងភ្នំពេញ បានធ្លាក់ចុះ ១៤,១៤ ភាគរយនៅត្រីមាសទី១ឆ្នាំ២០១៤ ។ នេះបើយោងតាម របាយការណ៍ ប្រចាំត្រីមាសទី១ របស់រដ្ឋករទឹកស្វ័យតក្រុងភ្នំពេញ ដែល LookingTODAY ទទួលបាននៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤នេះ។
របាយការណ៍ប្រចាំត្រីមាសទី១ របស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ ដែលទើបតែចេញផ្សាយជាសាធារណៈ បានឲ្យដឹងទៀតថា ក្នុងត្រីមាសទី១ ឆ្នំា២០១៤ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ មានចំណូលសរុបចំនួនជាង ៣៤.២៥៧លានរៀល ថយចុះជាងត្រីមាសទី១ ឆ្នំា២០១៣ ចំនួន ១៤,១៤% និង ចំណេញក្នុងការិបរិច្ឆេទសរុបចំនួនជាង ៥.៣៤៨ លានរៀល ថយចុះជាងត្រីមាសទី១ ឆ្នំា២០១៣ ចំនួន ៦២,៥១%។ ខណៈទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.១១០.៥៤៦ លានរៀល និងមូលធនសរុបមានចំនួនជាង ៦៩៥.៧៦៩លានរៀល។
ប្រភពព័ត៌មានបញ្ជាក់ថា មូលហេតុដែលសំខាន់ដែលធ្វើចំណូល របស់រដ្ឋាករទឹកធ្លាក់ចុះសារទី១-បញ្ហាអាកាសធាតុ ដោយសារតែ រដូវរងារនៅដើមឆ្នាំ២០១៤ បានអូសបន្លាយពេលយូរជាងឆ្នាំ២០១៣ ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ទឹក របស់អតិថិជនប្រភេទជីវភាព ក្នុងត្រីមាសទី១ ឆ្នាំ២០១៤ មានការថយចុះ។ ទី២-កត្តាស្ថានភាពនយោបាយ៖ សភាពការណ៍បន្ទាប់ពីការបោះឆ្នោតបង្កឱ្យមានបាតុកម្ម ជាពិសេសនៅតំបន់ចោមចៅ ដែលបណ្តាលឱ្យរោងចក្រកាត់ដេរ និងការប្រកបរបរអាជីវកម្មមួយចំនួន នៅជុំវិញតំបន់នោះត្រូវបានផ្អាក ដំណើរការ និងអូសបន្លាយពេលយូរ។ សភាពការណ៍នេះបានធ្វើឱ្យតម្រូវការប្រើប្រាស់ទឹក នៅតំបន់ចោមចៅក្នុងត្រីមាសទី១ ឆ្នាំ២០១៤ មានការថយចុះជាងត្រីមាសទី១ ឆ្នាំ២០១៣។ ក្រៅពីបញ្ហាទាំងនេះ នៅបញ្ហាមួយចំនួនទៀតដូចជា ការថយចុះចំណូលពីការផ្តល់សេវាសាងសង់ និង ការខាតលើអត្រាប្តូរប្រាក់ជាដើម។
ងាកមកមើលតម្លៃភាគហ៊ុន របស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញវិញ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនរដ្ឋមួយនេះ ហាក់មិនអាចងើបឡើង ដូចពេលជួយដូរដំកាលដំបូងទេ ពោលមកពីពេលនេះតម្លៃភាគហ៊ុនរបស់រដ្ឋាករទឹក បានធ្លាក់ចុះមកត្រឹមតម្លៃ ៤៧៦០រៀលក្នុងមួយភាគហ៊ុន៕