ក្រុងមែនឆេស្ទើៈ ក្លឹបបិសាចក្រហម Manchester United របស់អង់គ្លេសបានរៀបចំ ប្រាក់ចំនួន១១២ លានដុល្លារ (៦៥លានផោន) ដើម្បី សុំទិញកីឡាករខ្សែបម្រើវ័យក្មេង James Rodriguez ពីក្លឹប AS Monaco របស់បារាំង បន្ទាប់ពីមើលឃើញកីឡាករវ័យ ២២ឆ្នាំរបស់កូឡុំប៊ីរូបនេះ បំពេញតួនាទីបានយ៉ាង ល្អនៅ World Cup ឆ្នាំ២០១៤នេះ ។
បើទោះបីជាអតីតកីឡាកររបស់ក្លឹប FC Porto ដែលបានផ្លាស់មកលេង នៅបារាំងនាឆ្នាំ២០១៣ ជ្រុះចេញពី World Cup ក្នុងវគ្គ៨ក្រុមក៏ពិតមែន ក៏ក្លឹបដែលកំពុងតែ ដុនដាបខ្លាំង Man Utd មានការចាប់ អារម្មណ៍ខ្លាំងក្លា និងចង់បានឲ្យខាងតែបាន ដែលបានក្លាយទៅជាគូ ប្រជែងដ៏ក្តៅគគុក ជាមួយនឹងក្លឹប Real Madrid ដែលកំពុងតែដាក់សំណើរសុំទិញ កីឡាករដែលស៊ុតបញ្ចូលទីបាន ៦គ្រាប់ច្រើនជាងគេនៅ World Cup រូបនេះដូចគ្នា ។
ក្លឹប Monaco អាចនឹងចំណេញ កប់ក្តោងដូចទៅនឹង Liverpool ផងដែរ ខណៈដែលទិញពីក្លឹប FC Porto មានត្រឹមតែ ៥.៤លានដុល្លារប៉ុណ្ណោះ បើទោះបីជាកិច្ចសន្យារបស់ James Rodriguez នៅជាមួយ Monaco រហូតដល់ ឆ្នាំ២០១៨ក៏ដោយ ។
សូមបញ្ជាក់ផងដែរថា រហូតមកទល់នឹងពេលនេះក្លឹប Man Utd នៅមិនទាន់ទិញបាន កីឡាករណា មួយនៅឡើយ ខណៈ ដែលគ្រូដឹកនាំថ្មី Louis van Gaal នៅមិនទាន់រួចដៃពី World Cup នៅឡើយក្នុងក្រុម ជម្រើសជាតិ មច្ចុរាជទឹកក្រូចហូ ឡង់ ដោយបានឡើងទៅកាន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវជួបជា មួយនឹងអាហ្សង់ទីន នារាត្រីខានស្អែក ជាមួយនឹងការ ដាក់ទិសដៅទិញកីឡាករសំខាន់ៗ ជាច្រើនរូប ផងដែរ ក្រោយពេលគាត់ មកដល់ទឹកដី Old Trafford មុន Premier League ចាប់ផ្តើមជាផ្លូវការនៅ ពាក់កណ្តាល ខែសីហា ឆ្នាំ២០១៤ខាងមុខ ៕