ភ្នំពេញៈ ក្រុមបាល់ទាត់ភ្នំពេញក្រោន កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះបានដឹកនាំក្រុមកីឡាករ របស់ខ្លួន និងកុមារ៉ា-កុមារី៣ប្រទេសផ្សេងទៀត ទៅបោះជំរុំនៅស្រុកកោះធំ ខេត្តកណ្ដាល ជិតដល់ព្រំដែនវៀតណាម ដើម្បីរៀបចំព្រឹត្តិការណ៍ Mini World-Cup 2014 ឬ Volunteers International Exchange ឲ្យក្មេងប្រកួតបាល់ទាត់ នៅទីនោះ ។
នៅក្នុងកម្មវិធីដ៏សប្បាយរីករាយមួយនេះ គេឃើញមានវត្តមាននៃការចូលរួមពីតំណាងក្មេងៗ៣ប្រទេសផ្សេងគ្នា គឺសហរដ្ឋអាម៉េរិក៧នាក់ និងវៀតណាម៧នាក់ ប៉ុន្ដែលើកលែងម្ចាស់ផ្ទះកម្ពុជា ដែលរៀបចំឲ្យក្មេងៗ ជាសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន សំពៅពូន និងសាលាបឋមសិក្សាសំពៅមាស ចូលរួមសរុបទាំងជិត២០០នាក់ឯណោះ ។ ស្របពេលជាមួយគ្នានោះ ក៏មានការចូលរួមពីអភិបាលរងស្រុកកោះធំផងដែរ ។
លោក Sam គ្រូបង្គោលក្លឹបភ្នំពេញក្រោន និងជាអ្នកដឹកនាំកីឡាកររបស់ខ្លួនទៅចូលរួមក្នុងកម្មវិធីខាងលើបានថ្លែងថា នេះគឺជាលើកទី២ហើយដែលព្រឹត្ដិការណ៍ Mini World-Cup នេះត្រូវបានរៀបចំឡើងនៅប្រទេសកម្ពុជា ដែលកាល លើកដំបូងធ្វើនៅខេត្តបាត់ដំបង ហើយក៏មានការចូលរួមពីក្មេងៗច្រើនផងដែរ ។ ប៉ុន្ដែកម្មវិធីដែលរៀបចំឡើង ដើម្បីឲ្យកុមារ៉ា-កុមារី ឬសិស្សានុសិស្សចូលរួមលេងកីឡាបាល់ទាត់ក្នុងគោលបំណងបង្កើតសាមគ្គីភាព ទំនាក់ ទំនងល្អ និងដើម្បីសុខភាព ល្អនេះ ក៏ត្រៀមនឹងរៀបចំផែនការថ្មីសម្រាប់ធ្វើនៅឆ្នាំបន្ដបន្ទាប់ទៀតផង ។
គ្រូបង្វឹកដែលត្រៀមដឹកនាំក្រុមភ្នំពេញក្រោនលើកពាន League រដូវកាលថ្មីនេះបានបន្ដថា “ក្លឹបភ្នំពេញក្រោនមានគំរូ និងគោលបំណង ចង់មានឥទ្ធិពលនៅក្នុងសហគមន៍ ដើម្បីឲ្យមានផលប្រយោជន៍ពីការលេងបាល់ទាត់ និងមានការចូល រួមពីយុវជននៅក្នុងប្រទេសកម្ពុជាទាំងមូល ។ ចឹងអើ..យើង ក៏ដូចក្លឹបភ្នំពេញក្រោនមានក្ដីសប្បាយរីករាយ ដែលបាន ចូលរួមក្នុងកម្មវិធីនេះ ហើយបានធ្វើឲ្យក្មេងៗទទួលបានលទ្ធផលពីកីឡាបាល់ទាត់” ។
លោក Sam បានបញ្ជាក់ថា កម្មវិធី Mini World-Cup 2014 គឺអាចផ្ដល់អត្ថប្រយោជន៍ច្រើនដល់សហគមន៍ ជាពិសេស គឺផ្ដល់ឱកាសឲ្យក្មេងៗ បានចូលរួមលេងឲ្យសប្បាយ និងបានបញ្ចេញសមត្ថភាពទេពកោសល្យដែលពួកគេមានពី កំណើតផងដែរ ។ កម្មវិធីបោះជំរុំរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី០៣-០៧ ខែកក្កដានេះ នឹងកើតឡើងទៀតនៅឆ្នាំក្រោយ ។ ក្នុងឱកាសនោះលោក ហៀង តំណាងឲ្យលោក ឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោន ក៏បានប្រគល់វិញ្ញាបនប័ត្រ បញ្ជាក់ការចូលរួមផ្តល់បាល់ដល់ថ្នាក់ដឹកនាំវិទ្យាល័យសំពៅពូន និងសាលាបឋមសិក្សាសំពៅមាសផងដែរ ៕