ភ្នំពេញ៖ តម្លៃភាគហ៊នរបស់ ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ Grand Twins International បានកើនឡើងមកវិញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ ដែលជាថ្ងៃទី២ នៃការឈានជើងចូល ទីផ្សារមូលបត្រកម្ពុជា ដើម្បីធ្វើការជួញដូរ ខណៈថ្ងៃដំបូង តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្លាក់ចុះ ។
នៅថ្ងៃទី១៧ មិថុនា តម្លៃភាគហ៊ុនរបស់ ក្រុមហ៊ុន Grand Twins បានកើនឡើងមកវិញ កើនពីតម្លៃ ៩២២០ រៀលក នៃថ្ងៃដំបូង មកដល់ ៩៦៤០រៀល ក្នុងមួយភាគហ៊ុន ខណៈដែលតម្លៃ IPO មានថ្លៃ ៩៧០០រៀល ។ ដោយឡែកសម្រាប់ ការទំហំនៃការជួញដូរវិញ នៅថ្ងៃទី១៧ ខែមិថុនា នេះ ភាគហ៊ុនរបស់ Grand Twins ចំនួន ៩៤៣២៩ ហ៊ុនត្រូវបានជួញដូរ ដែលស្មើនឹងទឹកប្រាក់ ៨៩៣ លានរៀល។
គួរជម្រាបថា ក្រុមហ៊ុន Grand Twins ជាក្រុមហ៊ុនទី២ បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះបញ្ជីជួញដូរភាគហ៊ុន របស់ខ្លួននៅក្នុងទីផ្សារ ភាគហ៊ុនកម្ពុជាជា ផ្លូវការពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤នេះ។ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តែមួយគត់ បានចុះបញ្ជី ក្នុងផ្សារជួញដូរភាគហ៊ុន រហូតដល់សព្វថ្ងៃ។
លោក ហុង សុហួរ អគ្គនាយក នៃក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជា CSX បានលើកឡើងថា រហូតមដល់ពេលនេះ មានក្រុមហ៊ុនឯកជន ៣ ផ្សេងទៀត កំពុង រៀបចំខ្លួន ដើម្បីចុះបញ្ជី ក្នុងផ្សារមូលបត្រកម្ពុជា។ ក្នុងនោះ មានក្រុមហ៊ុន១ នឹងចុះបញ្ជី ចូលក្នុងផ្សារមូលបត្រ នៅក្នុងឆ្នាំនេះ។ ចំណែកកំពង់ផែស្វយ័ត ភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ កំពុងតែរៀបចំខ្លួន បញ្ជីឯកសារ នៅឡើយ៕