ភ្នំពេញៈ ក្រុមកីឡាករវាយកូនបាល់ ជម្រើសជាតិកម្ពុជា ក្នុងថ្ងៃបើកឆាក ព្រឹត្តិការណ៍ Davis-Cup Group III Asia/Oceania កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះ បានប្រកួតចាញ់ ក្រុមជម្រើសជាតិ ប្រទេសមកពីស៊ីរី (Syria)ដោយលទ្ធផលបច្ចេកទេស ២-១ នៅក្នុងទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ ។
លទ្ធផលចាញ់ទាំង ប្រផិតប្រផើយខាងលើនេះ គឺជាការប្រកួតរបស់ កីឡាករកម្ពុជា៣រូប រួមមាន កីឡាករ ម៉ម ផល្គុន, ឡុង សំនៀង និងកីឡាករ ប៊ុន កេន្នី ក្នុងវិញ្ញាសាវាយទោល និងវាយគូ ។ ក្នុងនោះ កីឡាករ ម៉ម ផល្គុន បានប្រកួតវាយទោល ជាមួយកីឡាករ Abdel Nour Bruno របស់ស៊ីរី ចាញ់ដោយ លទ្ធផល ៣-៦ និង ២-៦គ្រាប់ ប៉ុន្ដែកីឡាករ ប៊ុន កេន្នី បានសងសឹក ដោយប្រកួតទោល ឈ្នះកីឡាករ Marc Abdel Nour របស់ស៊ីរីវិញ ក្នុងលទ្ធផល ៦-៤ និង៧-៦គ្រាប់ ។
សំណាងមិនល្អ សម្រាប់ការប្រកួតវាយគូ កីឡាករកម្ពុជា ឡុង សំនៀង និងកីឡាករ ម៉ម ផល្គុន បានប្រកួតចាញ់ កីឡាករ Abdel Nour Marc និងកីឡាករ Abdel Nour Bruno ក្នុងលទ្ធផលបច្ចេកទេស ៧-៥ និង ៦-២គ្រាប់ ។ សរុបលទ្ធផល ក្រុមកីឡាករជម្រើសជាតិកម្ពុជា ប្រកួតចាញ់ ក្រុមកីឡាករ ជម្រើសជាតិស៊ីរី ២-១សិត ។
យ៉ាងណាក្ដី មុននឹងចេញដំណើរលោក ទេព រិទ្ធីវិទ្ធ ”អគ្គលេខាធិការសហព័ន្ធ កីឡាវាយកូនបាល់ កម្ពុជា ធ្លាប់បានបង្ហើប ឲ្យដឹងថា ក្នុងការប្រកួតព្រឹត្តិការណ៍ Davis-Cup ឆ្នាំនេះយើងមានការព្រួបារម្ភ ខ្លះៗ ចំពោះក្រុមដែល ធ្លាក់ពីក្រុម II ដែលមានដូចជា ប្រទេសស៊ីរីនេះជាដើម ។ ដូច្នេះការចាប់ពូល ស្ថិតក្នុងពូល A ជាមួយគ្នា គឺជាការពិបាកក្នុងការយក ឈ្នះ ប៉ុន្ដែយើងនឹងជំនះ នូវឧបសគ្គបន្ដបន្ទាប់ ទៀតឲ្យបាន ដើម្បីឡើងទៅលេងក្រុម II ឬក៏រក្សាចំណាត់ថ្នាក់នៅក្រុម III ដដែល” ។
គួរបញ្ជាក់ថា នៅថ្ងៃទី១២ មិថុនានេះ ក្រុមកីឡាករវាយបាល់ជម្រើសជាតិកម្ពុជា នឹងបន្ដធ្វើការប្រកួត ជាមួយក្រុម កីឡាកររបស់ប្រទេស ទួកមេនីស្ថាន(Turkmenistan)វិញម្ដង ខណៈក្រុមក្រុមនេះ ទើបប្រកួត ឈ្នះក្រុមកីឡាករ ប្រទេសម៉ាឡេស៊ី ក្នុងលទ្ធផល ២-១សិតដែរ ។ ចាំមើល តើកីឡាករកម្ពុជា អាចយក ឈ្នះក្រុម Turkmenistan បានឬក៏អត់? ប៉ុន្ដែបើសិនបរាជ័យ លើកនេះទៀតនោះ កម្ពុជា ប្រឈមមុខនឹង ការធ្លាក់ចេញពីក្រុម III ទៅលេងនៅក្រុម IV វិញហើយ ៕