ភ្នំពេញៈ ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្ដដល់អត្ដពលិកដែល ដណ្ដើមបាន ជ័យលាភីពី ព្រឹត្តិការណ៍ Asean Para Games លើកទី៧ នៅប្រទេសមីយ៉ាន់ម៉ារួចមក ឃើញថាកីឡាករ វ៉ាន់ វុន ដែលរកបានមេ ដាយចំនួន៥គ្រឿងម្នាក់ឯងក្នុងព្រឹត្តិការណ៍អន្ដរជាតិប្រចាំតំបន់មួយនេះ បានទទួលប្រាក់រង្វាន់ ច្រើនជាងគេរហូតដល់ ទៅ ២៦៤លានរៀល ពោលគឺជាង៧ម៉ឺនដុល្លារអាម៉េរិកឯណោះ ។
ក្នុងពិធីប្រកួតរង្វាន់លើកទឹកចិត្តអត្តពលិក និងគ្រូបង្វឹក ដោយមានការចូលរួមជា គណៈអធិបតី ពីលោកឧបនាយក រដ្ឋមន្រ្ដី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១១ ខែមិថុនានកីឡាករ វ៉ាន់ វុន បានថ្លែងឲ្យដឹងថា “ការប្រកួតកីឡា Asean Para Games លើកទី៧ កាលពីដើមខែមករា ឆ្នាំ២០១៤កន្លងទៅនេះ ខ្ញុំម្នាក់ឯង បានរកមេដាយឲ្យប្រទេសកម្ពុជាចំនួន ៥គ្រឿង ក្នុងនោះគឺមានមេដាយមាស៣គ្រឿង និងមេដាយប្រាក់២គ្រឿង លើវិញ្ញាសាប្រណាំងរទេះចម្ងាយ ១០០ ម៉ែត្រ, ២០០ម៉ែត្រ, ៤០០ម៉ែត្រ និងរត់ប្រណាំងចម្ងាយ១០០ម៉ែត្រ និង ៤០០ម៉ែត្រ” ។
កីឡាករឆ្នើមប្រចាំឆ្នាំ២០១៤ខាងលើនេះ បានបន្ដឲ្យដឹងទៀតថា សម្រាប់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលទើបផ្ដល់ជូនតាមអនុក្រឹត្យលេខ ៥៣២ អនក្រ.បក លោកបានទទួលទឹកប្រាក់ចំនួន ១៨០លានរៀល ។ ប៉ុន្ដែកាលពី ថ្ងៃទី២៤ ខែមីនាកន្លងទៅ ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ១២០.៥០០ដុល្លារ ដល់កីឡាករជ័យលាភី មេដាយមាសចំនួន ៥ពាន់ដុល្លារ, ប្រាក់ ៣ពាន់ដុល្លារ និងសំរិទ្ធិ ២ពាន់ដុល្លារនោះ កីឡាករ វ៉ាន់ វុន ក៏បានទទួល ទឹកប្រាក់ចំនួន ៨៤លាន រៀលម្ដងមកហើយ ។
ដូច្នេះសរុបទាំងថវិកាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជា កីឡាករ វ៉ាន់ វុន ម្នាក់ឯងទទួលបានទឹកប្រាក់ចំនួន ២៦៤លានរៀល ដែលរង្វាន់លើកទឹកចិត្តច្រើនជាងកីឡាករផ្សេងៗទាំងអស់ ។ កីឡាករ វ៉ាន់ វុន បានសម្ដែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងការយកចិត្តទុកដាក់ របស់រដ្ឋាភិបាល កម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ធ្វើជាអ្នកដឹកនាំ ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករ វ៉ាន់ វុន បានសន្យាថា គេនឹងខិតខំ ហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្ដើមមេដាយឲ្យប្រទេសកម្ពុជា បានកាន់តែច្រើនទៀតក្នុងព្រឹត្តិការណ៍ Asean Para Games លើកទី៨ នៅប្រទេសសិង្ហបុរីខាងមុខនេះ ៕