ភ្នំពេញៈ ក្រុមបាល់ទាត់ ជម្រើសជាតិនារីក្រោមអាយុ ១៤ឆ្នាំរបស់កម្ពុជា បានចេញដំណើរ ឆ្ពោះទៅប្រទេសវៀត នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែ មិថុនា ឆ្នាំ២០១៤នេះ ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ AFC U-14 Girl’s Regional Championship 2014 ។
លោក អ៊ុំ សាវង្ស គ្រូបង្វឹក និងជាអ្នកដឹកនាំក្រុមកីឡាការិនី U14កម្ពុជា ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ បានថ្លែងឲ្យដឹងថា “មុនចេញដំណើរ ក្រុមកីឡាការិនីវ័យក្មេងយើងខ្ញុំ បានខិតខំប្រឹងប្រែង ហ្វឹកហាត់នៅទីលាន បាល់ទាត់ជាតិ ទន្លេបាទីចំនួន ៣ខែមកហើយ ហើយបើតាម ការសង្កេតរបស់ខ្ញុំ ពួកគេយកចិត្តទុកដាក់ហ្វឹកហាត់ បានល្អណាស់ ដូច្នេះការចូលរួមលើកនេះ ខ្ញុំសង្ឃឹមថានឹងទទួលបាន លទ្ធផលវិជ្ជមានមកវិញ” ។
គ្រូបង្វឹករូបនេះ បានបន្ដឲ្យដឹងទៀតថា ការប្រកួតជ្រើសរើសជើងឯក ប្រចាំតំបន់អាស៊ាននេះ គឺបែងចែកជា ២ពូល ដោយក្រុមកីឡាការិនី U14កម្ពុជា ស្ថិតនៅក្នុងពូលA ដែលមាន ៤ក្រុម គឺមានក្រុមម្ចាស់ផ្ទះវៀតណាម, កម្ពុជា, ហ្វីលីពីន និងប្រទេសសិង្ហបុរី ។ រីឯពូលB មាន ៣ក្រុមប៉ុណ្ណោះ រួមមានក្រុម U14 ថៃ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ។
លោក អ៊ុំ សាវង្ស បានបញ្ជាក់ថា កម្មវិធីប្រកួត នឹងត្រូវប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ ខែមិថុនាខាងមុខនេះ រហូតដល់ថ្ងៃទី១៥ ខែដដែលទើបបញ្ចប់ ប៉ុន្ដែលទ្ធផលយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ ព្រោះក្រុមនៅក្នុងពូល សុទ្ធតែជាក្រុមខ្លាំងៗ ខណៈថ្ងៃបើកឆាក ក្រុម U14កម្ពុជា ត្រូវប្រកួតជាមួយក្រុម U14 ម្ចាស់ផ្ទះវៀតណាមតែម្ដង ៕