ភ្នំពេញៈ អតីតក្រុមជើងឯក ពានបាល់ទាត់ជាតិ(MCL) ឆ្នាំ២០១២ ចម្ការកៅស៊ូបឹងកេត បានឡើងទៅឈរ កំពូលតារាង បណ្ដោះអាសន្ន ជំនួសក្រុមភ្នំពេញ ក្រោន ក្រោយបំបាក់ ក្រុមណាហ្គាខប ក្នុងលទ្ធផលបច្ចេកទេស ២-០ ក្នុងជំនួប ជើងទី២ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៤នេះ ។
នេះគឺជាលើកទី២ហើយ ដែលណាហ្គាខប បរាជ័យក្រោមថ្វីជើង ក្រុមបឹងកេតក្នុង រដូវកាលថ្មីនេះ ខណៈជើងទី១ បឹងកេត ឈ្នះណាហ្គាខប ២-១ ។ សម្រាប់ជំនួប ជើងទី២នេះ តង់ទី១ ក្រុមទាំង២ មានសាច់បាល់លេងស្មើគ្នា ប៉ុន្ដែដោយការធ្វេស របស់សមាជិក ក្រុមណាហ្គាខប កីឡាករ ចាន់ វឌ្ឍនាកា បានញាក់បាល់ ស៊ុតបញ្ចូលទី បានសម្រេច ១គ្រាប់ឲ្យបឹងកេត ខណៈចុងតង់ដដែល កីឡាករ ទៀត ចាន់ដារាសុខា ខ្សែការពារ ណាហ្គាខប បានផ្លាត់ទាត់បាល់ ចូលទីខ្លួនឯង ១គ្រាប់ទៀត ធ្វើឲ្យបឹងកេត មានគ្រាប់បណ្ដោះអាសន្ន នាំមុខ ណាហ្គាខប ២-០ ។
ប៉ុន្ដែតង់ទី២ ណាហ្គាខប បានដាក់សម្ពាធ យ៉ាងខ្លាំងទៅ ក្រុមបឹងកេត ខណៈកីឡាករក្រុមបឹងកេត មិនសូវមានឱកាស ដូចតង់ទី១ឡើយ ។ តង់ទី២នេះ កីឡាករក្រុម ណាហ្គាខប បានវាយសម្រុកយ៉ាងខ្លាំង ទៅលើក្រុមបឹងកេត ហើយក៏មានឱកាស ស៊ុតជាច្រើនគ្រាប់ ក្នុងតំបន់គ្រោះថ្នាក់ ផងដែរ ប៉ុន្ដែមិនធ្វើបានសម្រេចឡើយ ក្រោយមាន ការជួយសង្គ្រោះពី ខ្សែការពារបឹងកេតនោះ ។ ចប់ការប្រកួត បឹងកេត នៅតែឈ្នះណាហ្គាខប ២-០ដដែល ។
ជោគជ័យលើកនេះ បានធ្វើឲ្យ ១៥ប្រកួតរបស់បឹងកេត ឡើងទៅឈរនៅកំពូលតារាង បណ្ដោះអាសន្នប្រចាំ សប្ដាហ៍ទី១៥ ដោយធ្លាប់ឈ្នះចំនួន ១១ប្រកួត, ចាញ់៣ និងស្មើ១ រកបាន ៣៤ពិន្ទុ ខណៈក្រុមណាហ្គាខប នៅរក្សាចំណាត់ថ្នាក់ទី៣ ក្នុងតារាងដដែល ដោយ ១៤ប្រកួត ឈ្នះ៨, ចាញ់៣ និងស្មើ៣ ទទួលបាន ២៧ពិន្ទុ ។
ចំណែកលទ្ធផល ៣ប្រកួតផ្សេងទៀត រួមមាន ក្រុមស្វាយរៀង ប្រកួតជាមួយក្រុម ត្រាយអាស៊ី ក្រុមអាស៊ីអឺរ៉ុប ប្រកួតជាមួយ ក្រុមក្រសួង ការពារជាតិ និងក្រុមវេស្ទើន ប្រកួតជាមួយក្រុមគិរីវង់ សុខសែនជ័យ គេហទំព័រ LookingTODAY នឹងជម្រាបនៅពេលក្រោយ ៕