ភ្នំពេញៈ កីឡាករ-កីឡាការិនី ជើងខ្លាំងកម្ពុជាទាំង៥រូបរួមមានកីឡាករ សេន ប៊ុនថេន, វង្ស ណយ, សែន រ៉ាឌី, រឿង សោភ័ណ្ឌ និងកីឡាការិនី វី ស្រីខួច នឹងធ្វើការប្រកួត ក្នុងព្រឹត្តិការណ៍ប្រដាល់ ជើងឯកអាស៊ី-អឺរ៉ុប នៅប្រទេស បារាំង នាល្ងាចថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៤នេះហើយ ។
តាមការឲ្យដឹងពីកីឡាករ សេន ប៊ុនថេន ជើងខ្លាំងក្នុងក្លឹប ក្រសួងមហាផ្ទៃ ហើយក៏ជាកីឡាករកម្ពុជា មួយរូបក្នុង ចំណោម កីឡាករទាំង៥រូបបានប្រាប់ថា “បន្ទាប់ពីពួកខ្ញុំ (ថេន, ណយ, រ៉ាឌី, ភ័ណ្ឌ និងស្រីខួច) មកដល់ប្រទេស បារាំង គឺពួកខ្ញុំ បានខិតខំប្រឹងប្រែង ហ្វឹកហាត់រហូត ដើម្បីត្រៀមប្រកួត ជាមួយនឹងកីឡាករបរទេស ផ្សេងៗទៀត ក្នុងការប្រកួត កីឡាប្រដាល់ ជើងឯកអាស៊ី-អឺរ៉ុប ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី០៧នេះ” ។
សេន ប៊ុនថេន ក៏បានបន្ដថា ក្នុងនាមជាកីឡាករ តំណាងឲ្យប្រទេសកម្ពុជា និងមិត្តភ័ក្រ្តដទៃ ទៀតគេនឹងខិតខំ ប្រកួតឲ្យ អស់ពីសមត្ថភាព ដើម្បីដណ្ដើមកិត្តិយស ជូនប្រទេសជាតិមាតុភូមិខ្លួន បើទោះបីជា លទ្ធផលចុងក្រោយ យ៉ាងណាក៏ដោយ ។
គួរបញ្ជាក់ថា កីឡាករដែលត្រៀម ធ្វើការប្រកួតជាមួយ កីឡាករកម្ពុជា គឺមកពី៣ប្រទេសផ្សេងគ្នា ដូចជាកីឡាករ សេន ប៊ុនថេន ត្រូវជួបជាមួយកីឡាករ Fun Ozscan មកពីប្រទេសហូឡង់ និងកីឡាករ សែន រ៉ាឌី ជួបកីឡាករហូឡង់ ដូចគ្នា ឈ្មោះថា Sofiane El Haji, កីឡាករ វង្ស ណយ ប្រកួតជាមួយកីឡាករ Said Amrani មកពីប៊ែលហ្ស៊ិក, កីឡាករ រឿង សោភ័ណ្ឌ ត្រូវជួបកីឡាករ ម្ចាស់ផ្ទះបារាំង Salim Zerouali និងកីឡាការិនី វី ស្រីខួច ប្រកួតជាមួយ កីឡាការិនី ម្ចាស់ ផ្ទះដូចគ្នាគឺកីឡាការិនី Mahauz ៕