ក្រុមហ៊ុនហ្វាំងឡង់ Nokia នៅថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងទិញលក់ នូវសាជីវកម្មទូរស័ព្ទចល័ត របស់ខ្លួនជាមួយ នឹងក្រុមហ៊ុន Microsoft អាចនឹងត្រូវបញ្ចប់នៅ ថ្ងៃទី២៥ខែមេសា ខាងមុខនេះ។
ក្រុមហ៊ុន Nokia បាននិយាយថា ការផ្ទេរកម្មសិទ្ធិរោងចក្រ និងទ្រព្យសម្បត្តិផ្សេងៗ របស់ខ្លួនទៅឲ្យក្រុមហ៊ុន Microsoft នោះត្រូវបានធ្វើឡើង ស្ទើរតែស្រុងទៅហើយ ដូច្នេះក្រុមហ៊ុនទាំងពីរ អាចឈានដល់ ដំណាក់កាលចុងក្រោយបាន។
កាលពីខែធ្នូ ឆ្នាំ ២០១៣ គណៈកម្មការសម្ព័ន្ធ ពាណិជ្ជកម្មសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យក្រុមហ៊ុន Nokia លក់អាជីវកម្មទូរស័ព្ទ ចល័តទៅឲ្យក្រុមហ៊ុន Microsoft។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nokia បានលក់អាជីវកម្ម ទូរស័ព្ទចល័តទៅឲ្យក្រុមហ៊ុន Microsoft កាលពីចុងឆ្នាំ ២០១៣ ក្នុងទឹកប្រាក់ជាង ៧ពាន់លានដុល្លារអាមេរិក៕