ភ្នំពេញៈ ក្រោយការឧបត្ថម្ភរបស់ សហព័ន្ធកីឡាបាល់ទាត់ អន្ដរជាតិ (FIFA) នៅដើមខែមិថុនា និងខែកក្កដា ឆ្នាំ២០១៤ ខាងមុខនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នឹងរៀបចំបើកវគ្គសិក្សា ជូនគ្រូបង្វឹកកម្រិតខ្ពស់ ២ផ្នែក បន្ថែមទៀត គឺផ្នែកគ្រូបង្ហាត់បាល់ទាត់កម្រិតខ្ពស់ (FIFA) និងគ្រូបង្ហាត់អ្នកចាំទីកម្រិតខ្ពស់ (FIFA) នៅមជ្ឈមណ្ឌល និងសាលា កីឡាបាល់ទាត់ជាតិនៅទន្លេបាទី ។
នៅក្នុងសេចក្ដីជូនដំណឹង របស់សហព័ន្ធកីឡា បាល់ទាត់កម្ពុជាដែល ចុះហត្ថលេខាដោយលោក ម៉ៃ តុលា អគ្គលេខា ធិការសហព័ន្ធបានឲ្យដឹងថា ដើម្បីបានចូលរួមសិក្សាក្នុងវគ្គគ្រូបង្វឹកកម្រិតខ្ពស់ទាំង២ផ្នែកខាងលើ សមាគម កីឡាបាល់ទាត់ថ្នាក់ជាតិ ទាំងអស់ត្រូវបញ្ជូនឈ្មោះបេក្ខជន របស់ខ្លួនចំនួន៤រូបមកសិក្សាក្នុងនោះ ២រូបត្រូវសិក្សាវគ្គ គ្រូបង្ហាត់បាល់ទាត់កម្រិតខ្ពស់ និង២រូបទៀតត្រូវសិក្សាវគ្គគ្រូបង្ហាត់អ្នកចាំទីកម្រិតខ្ពស់ ។
ប្រភពព័ត៌មានដដែល បានបន្ដឲ្យដឹងទៀតថា ចំពោះកម្មវិធីសិក្សានឹងចាប់ផ្ដើមនៅថ្ងៃ៖ វគ្គគ្រូបង្ហាត់បាល់ទាត់ កម្រិតខ្ពស់ ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៦ ខែមិថុនា និងវគ្គគ្រូបង្ហាត់អ្នកចាំទីកម្រិតខ្ពស់ នឹងចាប់ផ្ដើមពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ខាងមុខនេះដូចគ្នា ។
ការបង្កើតកម្មវិធីសិក្សាគ្រូបង្វឹកទាំង២ផ្នែកខាងលើ គឺដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងដកស្រង់បច្ចេកទេសល្អៗ បន្ថែម ទៀតពីលោកគ្រូឧទ្ទេសដែលជាមន្ដ្រីរបស់ FIFA ដើម្បីពង្រឹងសមត្ថភាពក្នុងការ ត្រៀមដឹកនាំព្រឹត្តិការណ៍ ថ្នាក់ជាតិធំៗ និងចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិផងដែរ ៕