Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Hun Sen-Cup៖ ចំណាត់ថ្នាក់លេខ ៣ ឆ្នាំនេះ គ្មានតម្លៃ​សម្រាប់​ក្រុមឈ្នះ​ឡើយ

$
0
0

-អ្នកគំាទ្រវិស័យកីឡាបាល់ទាត់ រិះគន់ចំពោះតួនាទីជាអជ្ញាកណ្តាល ថាគ្មានបានការ

ភ្នំពេញៈ ក្រោយពីមាន ភាពចម្រូងចម្រាស អស់រយៈពេលកន្លះម៉ោង បានកើនឡើងក្នុង ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមយកចំណាត់ថ្នាក់ លេខ៣ នៃពាន Hun Sen-Cup លើកទី៨ រវាងក្រុមចម្ការកៅស៊ូបឹងកេត និងក្រុមណាហ្គាខប កាលពីរាត្រីថ្ងៃទី១២ ខែមីនា រួចមក នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នេះ មន្ដ្រី គណៈកម្មការ រៀបចំការប្រកួត និង មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចកាត់សេចក្ដីឲ្យ ក្រុមបឹងកេត ជាអ្នកឈ្នះ ខណៈលទ្ធផលប្រកួត ៩០ នាទីពេញ ស្មើគ្នា ៣-៣ នោះ ។

ការសម្រេច របស់គណៈកម្មការរៀបចំការប្រកួត និងមន្ដ្រីសហព័ន្ធ ដែលបានកាត់ក្ដី ឲ្យក្រុមចម្ការកៅស៊ូបឹងកេត ឈ្នះក្រុមណាហ្គាខប ដោយស្វ័យប្រវត្តិតែម្ដងនោះ គឺជារឿងសមស្រប ទៅតាមល័ក្ខខ័ណ្ឌ និងច្បាប់ការប្រកួត របស់សហព័ន្ធកីឡា បាល់ទាត់កម្ពុជា ។ ប៉ុន្ដែការសម្រេចបែបនេះ ត្រូវបានមហាជន និងអ្នកទស្សនិកជន គាំទ្រវិស័យកីឡា ក្នុងស្រុកជាច្រើន បានលើកឡើងប្រហាក់ប្រហែលគ្នាថា «ការសម្រេចបែបនេះ គឺគ្មានតម្លែអ្វីសោះ សម្រាប់ក្រុមដែលឈ្នះ។ ម្យ៉ាងវិញទៀត កំហុស ដែលកើតឡើង មិនមែនជាកំហុស របស់កីឡាករទាំងស្រុងនោះទេ គឺដោយសារភាព មិនច្បាស់លាស់ របស់អាជ្ញាកណ្ដាល ដែលចាប់ ទាំងមិនច្បាស់ខ្លួនឯង” ។

នៅក្នុងការប្រកួត ដែលស្ទើរតែផ្ទុះអំពើហិង្សា នៅចុងតង់ទី២នោះ បានកើតឡើង ក្រោយពីលោក លឹម ប៊ុនធឿន ជាអាជ្ញាកណ្ដាល បានចាប់បាល់ពិន័យ ក្រុមណាហ្គាខប ហើយឲ្យបាល់ប៉េណាល់ទី ទៅក្រុមបឹងកេត ។ ប៉ុន្ដែការពិន័យនៅនាទីទី៨៩នេះ គឺពុំទទួលបានលទ្ធផលអ្វីឡើយ ព្រោះកីឡាករក្រុមណាហ្គាខប ទាំងអស់ មិនសុខចិត្ត ហើយក៏បានតវ៉ាជាមួយលោក លឹម ប៊ុនធឿន រហូតដល់នាទី១១៨ ទើបទទួលបានការអន្ដរាគមន៍ ពីមន្ដ្រីគណៈកម្មការរៀបចំ ការប្រកួត បន្ថែមទៀត គឺលោក ឈួន សុខផៃ ជាស្នងការប្រកួត ប៉ុន្ដែកីឡាករណាហ្គាខប នៅតែមិនយល់ព្រមនឹង ការចាប់កំហុសរបស់ អាជ្ញាកណ្ដាលឡើយ ។

ប៉ុន្មាននាទីក្រោយមក ទើបថ្នាក់ដឹកនាំក្រុមណាហ្គាខប យល់ព្រមឲ្យកីឡាករក្រុមខ្លួនឈរបាំងមុខទី ដើម្បីឲ្យកីឡាករក្រុមបឹងកេតស៊ុតបញ្ចូលទី ប៉ុន្ដែកីឡាករបឹងកេត មិនបានទាត់បាល់ពិន័រ ១១ម៉ែត្រ ដែលមានការឈរបាំងមុខទីនោះទេ ទីបំផុតលោក លឹម ប៊ុនធឿន ក៏សម្រេចចិត្តផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយមិនប្រកាសលទ្ធផលភ្លាមតែម្ដងនោះទេ ។ ប៉ុន្ដែមន្ដ្រីសហព័ន្ធមួយចំនួនបានបង្ហើបឲ្យដឹងភ្លាមៗថា “បឹងកេត គឺជាអ្នកឈ្នះ ព្រោះណាហ្គាខប ជាអ្នកដើរចេញពីការប្រកួត ដូច្នេះចំណាត់ថ្នាក់លេខ៣ ត្រូវបានទៅក្រុមបឹងកេតហើយ” ។

បន្ទាប់ពីការប្រកួត ត្រូវបានបញ្ចប់ទាំង ភាពចម្រូងចម្រាស់ភ្លាមៗនោះ មន្ដ្រីសហព័ន្ធ និងគណៈកម្មការរៀបចំការប្រកួត បានរៀបចំកិច្ចប្រជុំសម្ងាត់មួយ ជាមួយតំណាងក្រុម ទាំងសងខាង(បឹងកេត-ណាហ្គាខប) រួមទាំងលោកអាជ្ញាកណ្ដាល ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ប៉ុន្ដែប្រភពព័ត៌មាន ជិតស្និតពីមន្ដ្រីសហព័ន្ធ បានបង្ហើបឲ្យដឹងថា កិច្ចប្រជុំនោះ មិនទទួលបានលទ្ធផល អ្វីនោះទេ ។

លុះដល់ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤នេះ ទើបអគ្គលេខាធិការសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា លោក គល់ សុផាន់ណា បានបញ្ជាក់យ៉ាងច្បាស់ថា «ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម ចំណាត់ថ្នាក់លេខ៣ យប់មិញនេះ ក្រុមបឹងកេត គឺជាអ្នកឈ្នះ រីឯក្រុមណាហ្គា ត្រូវចាញ់ហើយ ព្រោះទង្វើរដែលកីឡាករ បានធ្វើក្នុង ពេលប្រកួត ខុសនឹងលក្ខន្ដិកៈការប្រកួត របស់សហព័ន្ធកីឡាបាល់ទាត់របស់យើង» ។

សូមរំឮកថា កីឡាករ ដែលធ្វើឲ្យក្រុមបឹងកេត និងក្រុមណាហ្គាខប ទទួលបានលទ្ធផលស្មើគ្នា ៣-៣ មុននឹងភាពចម្រូងចម្រាស់ កើតឡើងនោះ មានដូចជា ក្រុមបឹងកេត កីឡាករ ឃួន ឡាបូរ៉ាវី រកបាន ២គ្រាប់ម្នាក់ឯង នៅនាទី១៣ និងនាទី៧៧ រីឯ ១គ្រាប់ទៀត គឺធ្វើសម្រេចដោយកីឡាករ រស់ សំអឿន នៅនាទី៥២ ។ ចំណែក៣គ្រាប់ របស់ក្រុមណាហ្គាប គឺធ្វើសម្រេចដោយកីឡាករ មាឃ ឆដារ៉ាវុធ នៅនាទី៥៦, កីឡាករ សាន ណារិទ្ធ នៅនាទី៧៥ និងកីឡាករ ស៊ុន សុវណ្ណរិទ្ធី ទាត់បាល់ប៉េណាល់ទី បានសម្រេចនៅ នាទី៨៧ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles