ក្រុងប៉ារីសៈ ក្រុមខ្លាំងអ្នកមានបុណ្យ FC Barcelona និង Paris Saint-Germain(PSG) មកពីប្រទេសផ្សេង គ្នាបាន សម្រេចគោលបំណង ឡើងទៅវគ្គ៨ក្រុមចុងក្រោយ (វគ្គ១/៤)ហើយ បន្ទាប់ពីបានយកឈ្នះ គូប្រកួតដោយ លទ្ធផល បច្ចេកទេស ២-១ដូចគ្នាយប់មិញ ក្នុងទឹកដីរបស់ខ្លួន ។
ការប្រកួតបញ្ចប់ជើងទី២នៃវគ្គ ១៦ក្រុមចុងក្រោយក្នុង Champions League រដូវកាលឆ្នាំ២០១៣-២០១៤ ក្រុម Barcelona មកពីអេស្ប៉ាញបានបន្ត យកឈ្នះក្រុមភ្ញៀវ មកពីអង់គ្លេស Manchester City ជាមួយនឹងលទ្ធផល ២-១ ពី ការធ្វើបានសម្រេចខ្សែប្រយុទ្ធ Lionel Messi ដដែលនៅនាទី៦៧ នៅមុនពេលមិត្តរួមក្រុម Daniel Alves បានបន្ថែម គ្រាប់ទី២ទៀតនៅនាទី៩០ដូចទៅនឹងជើងទី១ដែលកីឡាករទាំងពីរទៅស៊ុត Man City ដល់ក្នុងផ្ទះផងដែរ ខណៈដែល មួយគ្រាប់របស់ក្រុមមេឃខៀវរកបានដោយកីឡាករខ្សែការពារ Vincent Kompany នៅនាទី៨៩ នៅមុនពេលមិត្តរួម ក្រុម Pablo Zabaleta ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាននៅនាទី៧៣ ។
សរុបលទ្ធផលទាំងពីរជើងគឺក្រុម Barcelona ៤ និង Manchester City ១ ។ ទីបំផុត Man City ជាក្រុមទី២របស់ អង់គ្លេសដែលមិនអាចឈ្នះកៅអីទៅវគ្គ៨ក្រុមចុងក្រោយបានមានវាសនាដូចទៅនឹង Arsenal ដែរ ។ មួយវិញទៀត ក្រុមលេខ១ប្រចាំប្រទេសបារាំង PSG បានលេងកំដរក្រុមភ្ញៀវ Bayer Leverkusen មកពីអាល្លឺម៉ង់ និងបាន បើកឱកាស ឲ្យក្រុមមួយនេះ(Leverkusen)នាំមុខមួយគ្រាប់មុនគ្រាន់ចាប់ផ្តើមលេងបាន៦នាទីដំបូងដោយកីឡាករ Sidney Sam តែត្រូវបានកីឡាករ Marquinhos និង Ezequiel Lavezzi ស៊ុតយកឈ្នះ ២-១ វិញនៅនាទីរៀងគ្នា ១៣ និង ៥៣ ក្នុងខណៈដែល Bayer Leverkusen បានបរាជ័យប៉េណាល់ទី១គ្រាប់នៅនាទី២៨ ស៊ុតដោយកីឡាករ Simon Rolfes និងបាត់បង់សមាជិក Emre Can នៅនាទី៥២ទៀតនោះ ។
សរុបលទ្ធផលទាំងពីរជើង Paris ឈ្នះ Bayer Leverkusen ៦-១ ។ នៅពេលនេះបានរកឃើញ៤ក្រុមដែល ហាលអាវ មាន Arsenal និង Man City របស់អង់គ្លេស, AC Milan របស់អ៊ីតាលី និងក្រុម Bayer Leverkusen របស់អាល្លឺម៉ង់ ស្របពេល៤ក្រុមផ្សេងទៀតបានឡើងទៅវគ្គ៨ក្រុមមាន Barcelona និង Atletico Madrid របស់ អេស្ប៉ាញ, Bayern Munich របស់អាល្លឺម៉ង់ និង Paris របស់បារាំង ដោយកំពុងរង់ចាំ៤ក្រុមទៀត នៅសប្តាហ៍ ក្រោយតើមានក្រុម Real Madrid, Manchester United, Borussia Dortmund និង Chelsea ឬ?
Barcelona ស៊ី Manchester City ២-១
PSG ឈ្នះក្រុម Bayer Leverkusen ២-១