ក្រុមហ៊ុន Apple នៅថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា លោក Peter Oppenheimer វ័យ ៥១ឆ្នាំ ជាប្រធានហិរញ្ញាវត្ថុ (CFO) នឹងចូលនិវត្តន៍ ហើយនឹងចាកចេញពី ក្រុមហ៊ុននៅចុង ខែកញ្ញាខាងមុខ បន្ទាប់ពីគាត់បាន បម្រើការងារនៅក្នុង ក្រុមហ៊ុននេះតាំងពីឆ្នាំ ១៩៩៦។
យោងតាមសេចក្ដីប្រកាស លោក Luca Maestri ដែលបច្ចុប្បន្នជា អនុប្រធានសាជីវកម្ម និងហិរញ្ញវត្ថុ នឹងត្រូវចូលកាន់តំណែងនេះជំនួសលោក Oppenheimer។
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានថ្លែងថា លោក Oppenheimer បានបម្រើការងារនៅក្នុងក្រុមហ៊ុន Apple អស់រយៈពេលជាងមួយទសវត្សរ៍ តាំងពីប្រាក់ចំណូល Apple មានចំនួន ៨ពាន់លានដុល្លារអាមេរិក រហូតដល់ ១៧១ពាន់លានដុល្លារអាមេរិក និយាយរួមលោក Oppenheimer ហាក់ដូចជាគ្រួសារតែមួយ ហើយ Apple ក៏សោកស្ដាយផងដែរ នៅពេលដែលគាត់ សម្រេចចិត្តចូលនិវត្តន៍៕