ភ្នំពេញៈ កីទ្បាករ សូយ យក្សតឿ មកពីក្លឹបពោធិ៍សែនជ័យកីទ្បា បានចាញ់ពិន្ទុជាលើកទី២ ក្រោមថ្វីដៃគូសងសឹក កីទ្បាករ ឯម ខ្លឹមខ្មៅ មកពីក្លឹបឫទ្ធីពោធិ៍សែនជ័យ ទាំងមិនអស់ចិត្តក្នុងជំនួប សងសឹកលើកទី២ កាលពីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែមីនា ឆ្នាំ២០១៤កន្លងផុតទៅនេះ នៅលើសង្វៀន បាយ័នស្ទឹងមានជ័យ ។
ទោះជាយ៉ាងណាបើនិយាយពីការប្រកួត លើកមុនរបស់ ឯម ខ្លឹមខ្មៅ និង សូយ យក្សតឿ គឺជួបគ្នាក្នុងប្រភេទ ទម្ងន់៦៥ គីទ្បូក្រាម ស្របពេលនោះផងដែរ ឯម ខ្លឹមខ្មៅ បានផ្តល់មេរៀន យ៉ាងអាម៉ាស់ទៅឲ្យ សូយ យក្សតឿ ម្តងរួចមកហើយ ដោយឈ្នះពិន្ទុដាច់តែម្តង ។
យ៉ាងណាមិញនៅក្នុងជំនួបសងសឹកលើកទី២នេះចាប់ពីទឹកទី១ដល់ទឹកទី២ សូយ យក្សតឿ បានខំប្រឹងប្រែងធ្វើការ វាយសម្រុកយ៉ាងខ្លាំង ទៅលើ ឯម ខ្លឹមខ្មៅ ប៉ុន្តែនៅក្នុងការវាយសម្រុកនោះរបស់ សូយ យក្សតឿ ហាក់បីដូចជាគ្មាន ប្រសិទ្ធភាពសោះ រីឯ ឯម ខ្លឹមខ្មៅ វិញបានធ្វើការដកថយពោលគឺចាំត្រងពី សូយ យក្សតឿ ដោយបានវាយកណ្តាប់ ដៃ ចេញមួយៗទៅលើផ្ទៃមុខរបស់ សូយ យក្សតឿ រហូត ។
នៅពេលស្នូរជួងបន្លឺទ្បើងនៅក្នុងទឹកទី៣ ដល់ទឹកទី៥វិញជាឱកាសល្អរបស់ ខ្លឹមខ្មៅ ពោលគឺ យក្សតឿ រាងចុះ ខ្សោយ កម្លាំងបន្តិច ស្របពេលនោះផងដែរ ខ្លឹមខ្មៅ បានធ្វើការវាយបកយ៉ាងខ្លាំងទៅលើ យក្សតឿ វិញដោយ បានប្រើទាំង កណ្តាប់ដៃ ទាត់-ជង្គង់ និងកែងជាដើម ។ ចប់ការប្រកួតអស់រយៈពេល៥ទឹកពេញ ចៅក្រមក៏បាន សម្រេចកាត់ក្តីឲ្យ ឯម ខ្លឹមខ្មៅ ឈ្នះ សូយ យក្សតឿ ដោយពិន្ទុតែម្តង ។
រីឯលទ្ធផលគូប្រកួតមិត្តភាពផ្សេងៗទៀតរួមមានកីទ្បាករ ទ្បៅ ផានាថ មកពីក្លឹបកីទ្បាប្រដាល់ ក្រសួងការពារជាតិ បាន ចាញ់ពិន្ទុកីទ្បាករ អ៊ុំ ចំរើន មកពីក្លឹបតាទ្បីដំរីមានរិទ្ធ ស្របពេលដែលកីទ្បាករ តូច ទូ មកពីក្លឹបមជ្ឈមណ្ឌល កីទ្បា ខ.ភ.ម បានផ្តួលកីទ្បាករ ចក់ ចាន់ មកពីក្លឹបរាជសីហ៍បង្ក្រាបគ្រឿងញៀន ខេត្តរតនគិរី ឲ្យសន្លប់ក្នុងទឹក ទី២ ខណៈដែល កីទ្បាករ ឯម ស៊ីថុង មកពីក្លឹបឬទ្ធីពោធិ៍សែនជ័យ បានចាញ់ពិន្ទុកីទ្បាករ ហេង វាសនា មកពីក្លឹប ព្រៃទទឹង បង្ក្រាបគ្រឿង ញៀនខេត្តបាត់ដំបង និងកីទ្បាករ យ៉ន វិចិត្រ មកពីក្លឹបកងពលតូចទ័ព ពិសេសឆ័ត្រ យោងលេខ៩១១ បានស៊ីផុយ កីទ្បាករ វីវ៉ា ពិសិដ្ឋ មកពីក្លឹបមហិទ្ធិរិទ្ធិតាដំបងដែក មិនឲ្យក្រោកតតាំង បានក្នុង ទឹកទី១ ៕