ក្រុងមែនឆេស្ទើៈ ក្រុមជើងខ្លាំង បិសាចក្រហម Manchester United នឹងមិនឈ្នះពានអ្វីនោះទេ ក្នុងរដូវកាល ឆ្នាំ២ ០១៣-២០១៤ នេះ ជាមួយនឹងទម្រង់លេង ដ៏អន់បំផុត ក្នុងខណៈដែលអ្នកចាត់ការ ទូទៅថ្មីលោក David Moyes បានធ្វើឲ្យមាន កំហុសរហូតដល់ ១០ចំណុច ទៀតនោះ ។
ប្រភពព័ត៌មានពី គេហទំព័រ BBC បានឲ្យដឹងថា ផ្លូវទៅកាន់លើកពានណាមួយ ក្នុងរដូវកាលនេះហាក់បី ដូចជានៅឆ្ងាយ ខ្លាំងណាស់សម្រាប់ ក្លឹបលំដាប់លេខ១ របស់អង់គ្លេសមួយនេះ ទាំងលីកអាជីពប្រចាំប្រទេស និងពានអន្តរជាតិ ជាដើម ដោយត្រូវស្ពឹកមុខតែ រហូតតាំងពីអតីត គ្រូបង្វឹកក្លឹប Everton លោក David Moyes មកដឹកនាំជំនួស លោក Sir-Alex Ferguson នាចុងរដូវកាលមុន ក្នុងរយៈពេល៨ខែមកនេះ ថែមទាំងបានធ្វើឲ្យ មានកំហុសជាច្រើន ផងដែរមានដូចខាងក្រោមៈ
១. មិនជឿជាក់លើកខ្លួនឯងៈ David Moyes ហាក់បីដូចជា មិនច្បាស់ក្នុងការដោះដូរ កូនក្រុម ជាពិសេសពេល ប្រកួតចាញ់ សារិកាព្រៃ Newcastle ក្នុងទឹកដី ដោយគាត់ មិនបានប្តូរឲ្យ ខ្សែប្រយុទ្ធ ជើងខ្លាំង Robin van Persie ឲ្យចូលលេង នោះទេដោយសារតែ មានការរិះគន់ ខ្លាំងពីអ្នកគាំទ្រ ។ ហើយការដឹកនាំ របស់គាត់ ទៀតសោត គឺយកតាមលំអានតែ ដដែលៗដូចកាល នៅដឹកនាំក្រុម Everton អីចឹង ។ Moyes មិនគួរខ្វល់ខ្វាយពីមតិរិះគន់ ខ្លាំងក្លានោះទេ គាត់ត្រូវដឹងថា គាត់ជាមនុស្សម្នាក់ ដ៏មានសមត្ថភាព ដែល Man Utd ជ្រើសរើសមក ។
២. តក់ស្លុតក្នុងការប្រកួតធំៗ David Moyes នៅធ្វើចិត្តមិនទាន់ បាននៅឡើយទេ ក្នុងការដឹកនាំក្រុមធំ Man Utd មួយ នេះនឹងសំបូរទៅដោយ ការប្រកួតធំៗ ជាច្រើន ក្នុងខណៈដែល Everton មិនដែលមានកៅអី លេងក្នុង Champions ឬក៏ UEFA Cup ទេនោះក្នុងជីវិត គាត់ដឹកនាំ ។ ដូច្នេះគាត់បាន ប្រហែលជា គ្មានបទពិសោធន៍ ថានៅទីលានទាំងពីរ ខាងលើនេះក្តៅគគុក ប៉ុណ្ណានោះទេ ។
៣. ការដោះដូរកីឡាករមិនប្រកបដោយប្រសិទ្ធភាពៈ គ្រូបង្វឹកជនជាតិស្កុតឡេន David Moyes បានចំណាយលុយអស់ ប្រមាណ៦៥លានផោន ក្នុងការទិញ កីឡាករ ២រូបមាន Marouane Fellaini និង Juan Mata មកកាន់ទឹកដី Old Trafford ក្រោយពីទទួលបរាជ័យក្នុងការសុំទិញខ្សែបម្រើ Cesc Fabregas ពីក្លឹប FC Barcelona របស់អេស្ប៉ាញ ដែលជាការសម្រេចចិត្តទិញកីឡាករខុស និងមិនអាចធ្វើឲ្យទម្រង់លេងរបស់ Man Utd មានការកើនឡើងវិញបាន ។
៤. មិនអាចឃុំគ្រងកីឡាករបានៈ ខ្សែការពារជើងខ្លាំង Nemanja Vidic បានសម្រេចចិត្តចាកចេញពីក្លឹបមួយនេះហើយ នៅដំណាច់ចុងរដូវ កាលនេះ បន្ទាប់ពីកិច្ចសន្យាអស់សុពលភាពដែរនោះ ក្រោយពីការចាកចេញ របស់ Rafael និង Anderson នាពេលថ្មីៗ ហើយខ្សែប្រយុទ្ធជនជាតិ ហូឡង់ ក៏នឹងអាចចាកចេញ ផងដែរ ប្រសិនបើក្លឹបនេះ នៅតែបន្តយ៉ាប់ ដដែលនោះ ។
៥. គ្មានសមត្ថភាពធ្វើឲ្យក្លឹបមានស្ថិរភាពៈ រាល់ការប្រកួតរបស់ Man Utd ម្តងតែងទទួលបាន លទ្ធផលអវិជ្ជមាន ច្រើន ជាងវិជ្ជមាន ពោលគឺចាញ់ច្រើនជាងឈ្នះ និងឈរនៅឆ្ងាយដាច់ ពីកំពូលតារាងស្ថិត ក្នុងលេងខ៧ ឡើងមកលេង៦ ដោយមានតែ៤៥ពិន្ទុនៅឡើយ ស្របពេលដែលនៅសល់ តែ១១ប្រកួតទៀតប៉ុណ្ណោះ នឹងបិទការប្រកួត Premier League ហើយដើម្បីចាប់ផ្តើម World Cup ម្តង និងបានចាញ់ពិន្ទុ ក្រុមឈរនៅកំពូលតារាង Chelsea រហូតដល់ទៅ១៥ ពិន្ទុឯណោះ ។
៦. មិនមានការយល់ចិត្តចូលកូនក្រុមៈ រាល់ការប្រកួតនីមួយៗ David Moyes ដាក់កីឡាករចូលលេងម្តងៗហាក់បីដូចជា មិនយល់ចិត្តគ្នា ទាល់តែសោះ ហើយការលេងទៀតសោត មិនស៊ីសង្វាក់គ្នា ទាល់តែសោះ ដែលជាហេតុធ្វើឲ្យ Man Utd រងបរាជ័យជាញឹកញាប់ ។ មួយវិញទៀតការប្តូរ កីឡាករចេញ នាពេលអំឡុង ប្រកួត មានកីឡាករខ្លះ មានការមិនពេញចិត្ត ជាខ្លាំង ។
៧. មិនមានការទំនាក់ទំនងល្អជាមួយប្រព័ន្ធផ្សព្វផ្សាយៈ ការប្រកួតនីមួយៗ Moyes មិនបានខ្វល់ពីប្រព័ន្ធផ្សព្វផ្សាយនោះ ឡើយ ទោះបីជាមតិរិះគន់ក្នុងន័យស្ថាបនាពីសំណាក់អ្នកគាំទ្រក៏ដោយ ។ ហើយមួយវិញទៀតលោកគ្រូបង្វឹកវ័យ៥០ឆ្នាំ រូបនេះមិនបានទទួលយក ឬក៏បកស្រាយពីកំហុសឆ្គងដែលដឹកនាំ Man Utd លេងចាញ់នោះឡើយ និងបង្ហាញពីយុទ្ធ សាស្រ្តីថ្មីៗនោះទេ ។
៨. ក្នុងក្លឹបមានការផ្លាស់ប្តូរច្រើនៈ ក្រោយការមកដល់ របស់លោក David Moyes មានសមាជិកជាច្រើន បានចាកចេញ ពី Man Utd ជាបន្តបន្ទាប់ក្នុងនោះ មានលោក Mike Phelan, Rene Meulensteen និងលោក Eric Steele ដែលជា មនុស្សសំខាន់ ដែលបានជួយជ្រោមជ្រែង Man Utd ជាង២០ឆ្នាំមកហើយ ហើយបន្ថែម សមាជិកនៅក្លឹប Everton លោក Phil Neville មកវិញ ។ ដែលយើងអាច និយាយបានថា គាត់និយមបក្សពួកមែនទេ?
៩. គ្មានភាពប៉ិនប្រសប់ក្នុងការដឹកនាំៈ David Moyes អសមត្ថភាព ក្នុងការដឹកនាំ ។ ក្នុងការដឹកនាំក្លឹបលេង ក្នុង Premier League, Everton លោក Moyes មិនបានជួយឲ្យ ក្លឹបណាស់ឈ្នះពាន អ្វីនោះទេ សូម្បីតែកៅអីលេង នៅពានអន្តរជាតិក៏ មិនដែលបានដែរ ។ ការមកដឹកនាំ Man Utd នៅដើមរដូវកាលថ្មីនេះ លោកមិនទាន់ បានជួយឲ្យ Man Utd ស្គាល់រស ជាតិកំពូលតារាង នៅឡើយទេ ហើយកំពុងប្រឈម ទៅនឹងការបាត់បង់ពាន Premier League និងកៅអីនៅ Champions ទៀតផង ។
១០. David Moyes មិនមែន Sir-Alex Ferguson នោះទេៈ តើគាត់គឺជានរណា? បទពិសោធន៍ គាត់មិនទាន់ខ្លាំងដូច Ferguson នោះទេ ដោយគាត់ត្រូវការ បទពិសោធន៍បន្ថែមទៀត ក្នុងការនៅជាមួយ Man Utd ទើបដឹងច្បាស់ថា ក្លឹបជើង ខ្លាំងមួយនេះវាយ៉ាងណា ៕