ក្រុងឡាវីហ្គាសៈ ម្ចាស់ជើងឯកខ្សែក្រវ៉ាត់ក្របខណ្ឌ WBC កីឡាករអាម៉េរិក Floyd Mayweather នឹងឡើង សង្វៀនត តាំងជាមួយជើងខ្លាំងម្ចាស់ខ្សែក្រវ៉ាត់ក្របខណ្ឌ WBA កីឡាករអាហ្សង់ទីន Marcos Maidana នាថ្ងៃ ទី០៣ ខែឧសភា ឆ្នាំ២០១៤ ខាងមុខ។ប្រភពព័ត៌មានពីគេហទំព័រ BBC ឲ្យដឹងថា ជើងខ្លាំងដែលមិនទាន់ស្គាល់ ពាក្យថាចាញ់ Mayweather បានឯកភាពការ ផ្គូរផ្គងពីសំណាក់ក្រុមអ្នកគាំទ្រគាត់តាមរយៈគេហទំព័រផ្ទាល់ខ្លួន Twitter ដែលបានបោះឆ្នោតឲ្យជួបកីឡាករសិស្សប្អូន វ័យ៣០ឆ្នាំ ខណៈដែលសង្វៀនមិនទាន់ត្រូវបាន ជ្រើសរើស នៅឡើយទេនោះដោយ Mayweather បានបញ្ជាក់ឲ្យដឹង ថា “នេះគឺជាឱកាសដ៏ល្អមួយទៀត សម្រាប់ខ្ញុំ ក្នុងការ វិលមកកាន់ សង្វៀនជាថ្មី”។
អ្នកគាំទ្រ ប្រមាណជាង ២០ម៉ឺននាក់បាន បោះឆ្នោតឲ្យ Mayweather ជួបជាមួយ Maidana ក្នុងនាមកីឡាករ អាហ្សង់ទីន មានប្រវត្តិប្រកួតបាន៣៨ដង ឈ្នះ ៣៥ដង ចាញ់៣ដង និងផ្តួលគូប្រកួត ឲ្យសន្លប់នៅ សង្វៀនបាន ចំនួន៣១ដង ក្នុងខណៈដែលជើងខ្លាំង Briton Khan ដែលធ្លាប់បានផ្តួល Maidana កាលពីឆ្នាំ២០១០ ក៏បានធ្វើរិះគន់ទៅលើ Mayweather ថាបានខ្ជះខ្ជាយពេលវេលាទៅវិញ” ។
ចំណែកឯ Maidana ក៏បានឲ្យដឹងដែរថា “ខ្ញុំរង់ចាំឱកាសនេះជាយូរណាស់មកហើយក្នុងការជួបជាមួយ Floyd Mayweather ដោយអាចឆ្លុះបញ្ចាំងពីសមត្ថភាពពិតរបស់ខ្ញុំ ហើយក៏ជាការដកស្រង់បទពិសោធន៍ជាមួយកីឡាករ ជើងខ្លាំងម្នាក់នេះផងដែរក្នុងការឡើងការពារខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់លំដាប់ពិភពលោកមួយនេះ ។ ខ្ញុំក៏បានដឹងដែរថា Mayweather ជាជើងខ្លាំងមួយរូបដែលអាចធ្វើឲ្យគូប្រកួតខ្លាចរអារ ភាគច្រើនគឺសន្លប់” ។
តែយ៉ាងណាក្នុងជំនួបលើកទី១រវាងជើងខ្លាំងទាំងពីរខាងលើនៅមិនទាន់ថានរណាឈ្នះពិតប្រាកដនោះទេ ខណៈដែល Mayweather ជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់៥ស្ថាប័នដោយមួយប្រកួតចុងក្រោយរបស់គាត់បានផ្តួលកីឡាករ Saul Alvarez កាលពីខែសីហា ឆ្នាំ២០១៣ដោយមានទឹកប្រាក់១៥០លានដុល្លារ ខណៈដែលប្រវត្តិរបស់កីឡាករកម្ពស់ ១,៧៣ម៉ែត្ររូបនេះវាយឈ្នះទាំង៤៥ដង មិនដែលចាញ់ និងផ្តួលគូប្រកួតឲ្យសន្លប់បានចំនួន២៦ដង ៕