ភ្នំពេញៈ គូឯកប្រចាំសប្ដាហ៍ក្នុង ការប្រកួតកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរ នៅលើសង្វៀនបាយ័ន ស្ទឹងមានជ័យកាល ពីថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤កីឡាករ ចៅ ផលឌឿ មកពីក្លឹបសំរោងកោងកីឡា ត្រូវបានសិស្សប្អូន ហេង វិឆ័យ មកពីក្លឹបកងពលតូចលេខ៧០ វាយឲ្យចុះចាញ់ដោយ ពិន្ទុទាំងមិនអស់ចិត្ត ក្រោយពីឆ្លងកាត់ ការប្រកួត៥ទឹកពេញ ។
នៅក្នុងជំនួបលើកដំបូងនេះ បើទោះបីជាកីឡាករមាឌល្អិតចិត្តធំ ចៅ ផលឌឿ ធ្លាប់មានបទពិសោធន៍ ប្រកួតលើសង្វៀន ច្រើនជាងកីឡាករ ហេង វិឆ័យ ក៏ពិតមែន ប៉ុន្ដែពេលប្រកួត ផលឌឿ គ្មានឱកាសអាចផ្ដួល ឬធ្វើឲ្យ ហេង វិឆ័យ ឈឺសាច់ នោះឡើយ ពោលគឺគ្រាន់តែវាយឲ្យ វិឆ័យ រមាស់សាច់បន្ដិចបន្ដួចប៉ុណ្ណោះ ។
ពេលប្រកួតចាប់ពីទឹកទី១ រហូលដល់ទឹកទី៣ កីឡាករជើងខ្លាំងទាំងពីរមិន មាននរណាម្នាក់ មានប្រៀបជាងគ្នាប៉ុន្មាន នោះទេ គឺសន្សំបានពិន្ទុប្រហាក់ប្រហែលគ្នា ប៉ុន្ដែចូលដល់ទឹកទី៤ និងទី៥ ដោយសារតែកីឡាករ ហេង វិឆ័យ មាន កម្ពស់ខ្ពស់ជាង រួមជាមួយនឹងជំហរដ៏រឹងមាំនោះ វិឆ័យ បានសម្រុកវាយទៅលើ ផលឌឿ ទាំងកណ្ដាប់ដៃ និងជង្គង់ រីឯ ផលឌឿ មិនមានឱកាស វាយតបតវិញឡើយ ពោលគឺបានត្រឹមតែទប់ៗប៉ុណ្ណោះ ។ ចប់ការប្រកួតចៅក្រមក៏សម្រេចឲ្យ ហេង វិឆ័យ ឈ្នះលើរាមច្បង ចៅ ផលឌឿ ដោយពិន្ទុតែម្ដង ។
ចំណែកកីឡាករ មាស សារិទ្ធ មកពីក្លឹបរការខ្នុរគុនខ្មែរ បង្ក្រាបគ្រឿងញៀន បានវាយឈ្នះកីឡាករ សុខ ចំរើនស្រ៊ុន មកពីក្លឹបមជ្ឈមណ្ឌល កំចាត់មីនកម្ពុជាដោយពិន្ទុ ។ កីឡាករ ផាន់ ពិសិដ្ឋ មកពីក្លឹបគុជសារកីឡា ប្រកួតស្នើពិន្ទុជាមួយ កីឡាករ ស៊ឹម ប៊ុនឆៃ មកពីក្លឹបព្រៃទទឹងខេត្តបាត់ដំបង និងកីឡាករ អៀង ច័ន្ទល័ក្ខ មកពីក្លឹបកងទ័ពជើងគោកបានវាយ កែងធ្វើឲ្យកីឡាករ សល់ អាម៉ា មកពីក្លឹបកុសលកីឡាបែក២ថ្នេរ នឹងត្រូវអាជ្ញាកណ្ដាល បញ្ឈប់ការប្រកួតត្រឹមទឹកទី២ ៕