Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ការនាំចេញអង្ករ របស់កម្ពុជា ខែដំបូងធ្លាក់ចុះ

$
0
0

ភ្នំពេញ ៖ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅដំបូងឆ្នាំ២០១៤ បានធ្លាក់ចុះប្រមាណជាង១៦ភាគរយ ។

យោងតាមរបាយការណ៍ ស្ថានភាពនៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល១ខែដើមឆ្នាំ ២០១៤ ដែលបានចេញផ្សាយដោយ លេខាធិការដ្ឋានច្រកចេញចូលតែមួយគត់ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងថា បរិមាណអង្ករកម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានចំនួនត្រឹមតែ ២១.៥៣៦តោនតែប៉ុណ្ណោះ ដោយចំនួននេះមានការធ្លាក់ចុះជាង ១៦ភាគរយ បើប្រៀបធៀបទៅនឹងខែមករា ឆ្នាំ២០១៣កន្លងទៅ ដែលមានចំនួនដល់ទៅ ២៥.៧២៦តោនឯណោះ។

អ្នកជំនាញខាងវិស័យនាំចេញអង្ករបានអះអាងថា ការធ្លាក់ចុះនេះដោយសារតែ អ្នកបញ្ជាទិញនៅអឺរ៉ុប បារម្ភពីបញ្ហាពន្ធនាំចូលពីកម្ពុជា បន្ទាប់ពីមានព័ត៌មានមួយចំនួន បានលេចឮថា ចាប់ពីឆ្នាំ២០១៤ តទៅការនាំចេញរបស់កម្ពុជា ទៅកាន់សហគមន៍អឺរ៉ុបត្រូវគិតពន្ធ និងហេតុផលមួយទៀត ដោយសារតែតម្លៃអង្ករកម្ពុជា មានតម្លៃថ្លៃជាងអង្កររបស់ប្រទេសផ្សេងៗ។

ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា លោកឧកញ៉ា គឹម សាវុធ បានមានប្រសាសន៍ប្រាប់ LookingTODAY នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ថា បញ្ហាធ្លាក់ចុះនេះមិនមែនជាក្តីបារម្ភធំដំ របស់កម្ពុជាទេ បើទោះជាទិន្នន័យបង្ហាញថា ខែដំបូង កម្ពុជានាំចេញអង្ករធ្លាក់ចុះមែន តែលោកជឿជាក់ថា នៅឆ្នាំ២០១៤ នេះអង្ករកម្ពុជានឹងអាចនាំចេញយ៉ាងទិញ ៦០ម៉ឺនតោន។ លោកថា សហព័ន្ធរបស់ខ្លួនកំពុងតែរៀបយុទ្ធសាស្ត្រ សម្រាប់នាំចេញអង្ករ ដែលនឹងជួយដល់ការនាំចេញអង្ករបានច្រើន ប្រសិនបើរាជរដ្ឋាភិបាលអនុម័តនោះ។

លោកឧកញ៉ា គឹម សាវុធ បន្តថា «អ្នកបញ្ហាទិញនៅអឺរ៉ុប គេនៅស្ទាក់ស្ទើរ និងបន្ថយការបញ្ជាទិញ ដោយហេតុថា ពួកគេបារម្ភពីបញ្ហាពន្ធ បន្ទាប់ពីឮព័ត៌មានសហគមន៍អឺរ៉ុប ឈប់អនុគ្រោះពន្ធនាំចូលឲ្យកម្ពុជាយើង តែរឿងនេះវាមិនពិតនោះទេ!។…យើង(កម្ពុជា) នៅតែអាចនាំចេញបាន ៦០ម៉ឺនតោន នៅឆ្នាំ២០១៤នេះ ហើយនឹងនាំចេញបានច្រើនបន្ថែមទៀត ប្រសិនបើផែនការយុទ្ធសាស្ត្រ សម្រាប់នាំចេញអង្កររបស់យើង ត្រូវបានរាជរដ្ឋាភិបាលអនុម័ត»។

យ៉ាងណាក៏ដោយបើតាម លោកឧកញ៉ា គឹម សាវុធ ដែលជាអគ្គនាយកក្រុមហ៊ុននាំចេញអង្ករខ្មែរហ្វូដផងនោះ បានបញ្ជាក់ថា ការអនុគ្រោះពន្ធលើការនាំចូល របស់សហគមន៍អឺរ៉ុបដល់កម្ពុជា អាចនឹងរហូតដល់ឆ្នាំ២០២០ ឬឆ្នាំ២០២២ ឯណោះ នៅពេលដែលប្រទេសកម្ពុជាឆ្លងផុតពី ប្រទេសក្រីក្រ។

របាយការណ៍ខាងលើក៏បានឲ្យដឹងផងដែរថា ប្រភេទអង្ករដែលកម្ពុជា បានធ្វើការនាំចេញ ច្រើនជាងគេ នៅខែមករា ឆ្នាំ២០១៤នេះ មានប្រភេទអង្ករក្រអូបផ្កាម្លិស/រំដួល មានចំនួន ៩.៩៨៤តោន និងប្រភេទអង្ករសចម្រះគ្រាប់វែង មានចំនួន ៥.៣២៨តោន ដោយបណ្តាប្រទេសដែលកម្ពុជា បានធ្វើការនាំចេញច្រើនជាងគេនោះមានដូចជា៖ បារាំង, ប៉ូឡូញ, ហ៊ូឡង់ និងម៉ាឡេស៊ីជាដើម។

គួរបញ្ជាក់ផងដែរថា សម្រាប់រយៈពេលពេញមួយឆ្នាំ ២០១៣កន្លងទៅ កម្ពុជា បានធ្វើការនាំចេញអង្ករ ទៅកាន់បណ្តាទីផ្សារអន្តរជាតិមានចំនួន ៣៧៨.៨៥៦តោន ហើយសម្រាប់ឆ្នាំ២០១៤នេះ កម្ពុជា រំពឹងថានឹងអាចនាំចេញអង្ករ ឲ្យបាន ៦០ម៉ឺនតោន៕


Viewing all articles
Browse latest Browse all 4895

Trending Articles