Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

សហព័ន្ធកីឡាប្រដាល់កម្ពុជា បកស្រាយរឿង កាត់ក្តីអយុត្តិធម៌កីឡាករ ម៉ន សាម៉េត

$
0
0

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០១៤នេះ ស្ថានីយទូរទស្សន៍អប្សរាសហការជាមួយសហព័ន្ធកីឡាប្រដាល់ កម្ពុជាធ្វើសន្តិសីទសារព័ត៌មានបកស្រាយរឿង កាត់ក្តីអយុត្តិធម៌ការប្រកួតប្រដាល់ រវាងកីឡាករ ម៉ន សាម៉េត និង កីឡាករ ទិត្យ សុវណ្ណាគិរី នៅស្ថានីយទូរទស្សន៍អប្សរាកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៤កន្លងទៅ ដោយកាត់ក្តីឲ្យ កីឡាករ ទិត្យ សុវណ្ណាគិរី ឈ្នះពិន្ទុកីឡាករ ម៉ន សាម៉េត។ បន្ទាប់ពីកាត់ក្តីហើយ កីឡាករ ម៉ន សាម៉េត បានប្រកាស ថា រូបគេ ឈប់មកប្រកួតនៅ ស្ថានីយទូរទស្សន៍អប្សរារហូត ទោះបីស្ថានីយទូរទស្សន៍ អប្សរាឲ្យតម្លៃខ្លួន ១០០០ ដុល្លារ ក៏ដោយ ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ការកាត់ក្តីរបស់អាជ្ញាកណ្តាល និងចៅក្រមនៅថ្ងៃប្រកួតពេលនោះ គឺជាការកាត់ក្តីត្រឹមត្រូវមិនលម្អៀងទៅលើកីឡាករមួយណាឡើយ ព្រោះការកាត់ ក្តីផ្តោតលើការប្រកួតរបស់កីឡាករទាំង២ នាក់តាំងពីទឹកទី១ រហូតដល់ទឹកទី៥ ឃើញថា កីឡាករ ទិត្យ សុវណ្ណាគិរីមាន ប្រៀបជាងកីឡាករ ម៉ន សាម៉េត ចាប់ពីទី២រហូតដល់ទឹកទី៤ ចំណែកទឹកទី៥វិញ កីឡាករទាំង ២នាក់មានភាព ត្រសងគ្នាទើបអាជ្ញាកណ្តាល និងចៅក្រមសម្រេចចិត្តកាត់ក្តីឲ្យកីឡាករ ទិត្យ សុវណ្ណាគិរីឈ្នះ ។  

លោកបានបន្តថា  អ្វីដែលធ្វើឲ្យលោកគ្រូរបស់កីឡាករ ម៉ន សាម៉េត មិនសុខចិត្តចាញ់ ហើយចោទអាជ្ញាកណ្តាល និងចៅក្រមកាត់ក្តីអយុត្តិធម៌នោះ ដោយសារគាត់បានឃើញប្រដាប់ការពារធ្មេញរបស់កីឡាករ ទិត្យ សុវណ្ណាគិរី នៅលើ សង្វៀនទើបសម្រេចចិត្តថាកូនសិស្សគាត់ កីឡាករ ម៉ន សាម៉េត បានវាយមួយដៃចំផ្គាមធ្វើឲ្យធ្លាក់ ប្រដាប់ការពារ ធ្មេញចេញពីមាត់កីឡាករ ទិត្យ សុវណ្ណាគិរី ។ តាមពិតការធ្លាក់ប្រដាប់ការពារធ្មេញចេញពីមាត់កីឡាករ ទិត្យ សុវណ្ណាគិរី គឺជាល្បិចយកចេញពីមាត់ខ្លួនឯងរបស់កីឡាករ ទិត្យ សុវណ្ណាគិរី ដែលអាជ្ញាកណ្តាល និងចៅក្រមមើល មិនឃើញទេ ។

លោកបន្ថែមទៀតថា ក្នុងនាមលោកជាប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា និងតំណាងឲ្យអគ្គនាយកស្ថានីយទូរ ទស្សន៍អប្សរា និងអ្នករៀបចំការប្រកួតប្រដាល់ថា ការប្រកួតប្រដាល់របស់ស្ថានីយទូរទស្សន៍អប្សរា មិនមានការ លម្អៀង ទៅលើកីឡាករខាងណាទេ បើឈ្នះគឺឈ្នះ បើចាញ់គឺចាញ់ ហើយការចោទប្រកាន់ និងបានប្រកាសឈប់ មកប្រកួតនៅស្ថានីយទូរទស្សន៍អប្សរារហូត ទោះបីស្ថានីយទូរទស្សន៍អប្សរាឲ្យតម្លៃខ្លួន ១០០០ដុល្លារក៏ដោយ វាមិនមែនជាលើក ទី១សម្រាប់កីឡាករដែលប្រកាសឈប់ពីស្ថានីយទូរទស្សន៍នេះ ស្ថានីយទូរទស្សន៍នោះដែរ ៕         


Viewing all articles
Browse latest Browse all 4895

Trending Articles