ភ្នំពេញ៖ របាយកាណ៍ផ្លូវការ របស់កំពង់ស្វយ័តភ្នំពេញ បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញ របស់កំពង់ផែស្វាយ័តភ្នំពេញ កាលពីឆ្នាំ២០១៣ កន្លងទៅ បានកើនឡើង១៦ភាគរយ ពោលគឺកើនឡើងពី ៩៥.៣៣៣TEUs (កុងតឺន័រ) នៅឆ្នាំ២០១២ ដល់ ១១០.៥០០TEUs នៅឆ្នាំ២០១៣នេះ។
មន្ត្រីកំពង់ផែនិយាយថា កើនឡើងនេះបង្ហាញពីរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ខណៈដែលការនាំចេញ និងនាំចូលបន្តកើនឡើងផងដែរ។
លោក សាន់ វីរៈ ប្រធានអង្គភាពតំលៃទីផ្សារ នៃកំពង់ផែស្វយ័តភ្នំពេញ បាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ថា ប្រភេទទំនិញដែលនាំចូល តាមកំពង់ផែស្វយ័តភ្នំពេញ រួមមាន វត្ថុធាតុដើមពាក់ព័ន្ធ ខាងរោងចក្រកាត់ដេរ គ្រឿងសំណង់ ឧបករណ៍អេឡិចត្រូនិច ជីកសិកម្ម ជាដើម។ ចំណែកនាំចេញវិញ មានសម្លៀកបំពាក់ អង្ករ ដំឡូងមី និងកសិផលមួយចំនួនទៀត។
គួរបញ្ជាក់ថា យោងតាមរបាយកាណ៍ របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទំហំពាណិជ្ជកម្ម នាំចេញ-នាំចូល របស់កម្ពុជា ប្រចាំឆ្នាំ២០១៣ សម្រេចបាន១៥,៨៨ ពាន់លាន កើនឡើង១៨,៥ភាគរយ បើធៀបនឹងឆ្នាំ២០១២ ដែលមានត្រឹមតែ១៣,៤ពាន់លានដុល្លារអាម៉េរិក។ ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ ៦,៩០លានដុល្លារ កើនឡើង២៦ភាគរយ បើធៀប រយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈដែលការនាំចូលវិញ មានទំហំទឹកប្រាក់ ៨,៩៨ពានលានដុល្លារអាម៉េរិក៕