ភ្នំពេញៈ កីឡាករ វ៉ាន់ វុន អត្តពលិកឆ្នើមរបស់កម្ពុជា ដែលដណ្ដើមបានមេដាយ ៥គ្រឿងម្នាក់ឯង (មេដាយមាស៣ និងប្រាក់២) ក្នុងបេសកកម្ម នៃការចូលរួមប្រកួតកីឡា Asean Para Games លើកទី៧ ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ាកន្លងមកនេះ បានសម្ដែងនូវអារម្មណ៍ សប្បាយរីករាយ យ៉ាងខ្លាំង ចំពោះជោគជ័យដែលខ្លួន ដណ្ដើមបានមេដាយមាស ច្រើនជាងគេឲ្យកម្ពុជា ។
ក្រោយចុះពីលើយន្ដហោះភ្នំពេញអន្ដរជាតិ កាលពីថ្ងៃទី២២ មករាម្សិលមិញ កីឡាករ វ៉ាន់ វុន បានថ្លែងប្រាប់ឲ្យដឹងថា “សម្រាប់ការប្រកួត កីឡាជនពិការថ្នាក់តំបន់អាស៊ីអាគ្នេយ៍ Asean Para Games លើកទី៧នេះ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ ខ្លាំងណាស់ ព្រោះខ្ញុំបានជួយ សម្រេចគោលដៅដណ្ដើមមេដាយ ២ខ្ទង់តាមការគ្រោងទុក របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលសម្ដេចធ្លាប់សង្ឃឹមយ៉ាងមុតមាំមុនការប្រកួតមកដល់នោះ” ។
វ៉ាន់ វុន បានបន្ដថា អ្វីដែលធ្វើឲ្យគេមានអារម្មណ៍រំភើបឥតឧប្បមាទៀតនោះ គឺការដណ្ដើមបានមេដាយមាស ៣គ្រឿង និងមេដាយប្រាក់ ២គ្រឿង សរុប ៥គ្រឿងម្នាក់ឯង ដែលនេះជាសមិទ្ធផលដ៏ល្អប្រសើរ និងមានមោទនៈភាពបំផុត ក្នុងប្រវត្តិនៃការចូលរួមក្នុងព្រឹត្តិការណ៍ អន្ដរជាតិមួយនេះ កន្លងមក ។
ប៉ុន្ដែទោះជាយ៉ាងណាកីឡាករពិការជើងរូបនេះ ក៏បានសម្ដែងនូវការដឹងគុណចំពោះ គ្រូបង្វឹករបស់ខ្លួន ដែលខិតខំបង្ហាត់បង្រៀនដល់រូបគេ ជាពិសេសគឺសម្ដេចតេជោ ហ៊ុន សែន ដែលបានចំណាយថវិការ ផ្គត់ផ្គង់ដល់ការធ្វើដំណើរទៅវិញទៅមក ការហូបចុក ការស្នាក់នៅ ជូនកីឡាករ-កីឡាការិនី កម្ពុជាទាំងអស់ផងដែរ ។
សូមបញ្ជាក់ថា មេដាយទាំង ៥គ្រឿង ដែលកីឡាករ វ៉ាន់ វុន រកបានក្នុងការប្រកួតកីឡា Asean Para Games នៅមីយ៉ាន់ម៉ានោះ គឺដណ្ដើមបាន លើវិញ្ញាសាជិះរទេះចម្ងាយ ១០០ម៉ែត មេដាយមាស ១គ្រឿង, ជិះរទេះចម្ងាយ ២០០ម៉ែត្រ មេដាយមាស ១គ្រឿង និងជិះរទេះចម្ងាយ ៤០០ម៉ែត្រ បានមេដាយមាស ១គ្រឿង ។ ចំណែកមេដាយប្រាក់ ២គ្រឿង គឺដណ្ដើមបានក្នុង វិញ្ញាសារត់បណ្ដាក់ចម្ងាយ ១០០ម៉ែត្រ៤ដង និងចម្ងាយ ៤០០ម៉ែត្រ៤ដង ៕