ភ្នំពេញៈ ក្រុមហ៊ុនធានាទិញ មូលបត្រភ្នំពេញ ស៊ីឃ្យូរីធី បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនទី២ ដែលមានឈ្មោះថា ក្រុមហ៊ុន ហ្រ្គេនធ្វីន នឹងរៀបចំធ្វើសំណើរ លក់កំណត់ថ្លៃមូលបត្រ របស់ខ្លួន (Book Building) ចាប់ពីថ្ងៃទី១២ ខែ កុម្ភៈ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយថា ភាគហ៊ុនរបស់ក្រុមនេះ ឡើងទីផ្សារភាគហ៊ុនកម្ពុជា នៅខែមេសា ខាងមុខ។
បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) និង ក្រុមហ៊ុនទីផ្សារ មូលបត្រ កម្ពុជា ក្រុមហ៊ុន ហ្រ្គេនធ្វីន នឹងក្លាយជាក្រុមហ៊ុនទី២ បន្ទាប់ពីក្រុមហ៊ុនរបស់រដ្ឋ គឺរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ដែលបានចូលក្នុងទីផ្សារភាគហ៊ុន ។
ក្រុមហ៊ុន ហ្រ្គេនធ្វីន គ្រោងនឹងកំណត់តម្លៃបោះផ្សាយលក់ មូលបត្រជាសាធារណៈជាលើកដំបូង (IPO) នៅ ចន្លោះពី ៧៤០០រៀល ដល់ ១៤០០០រៀល ឬពី ១,៨៥ដុល្លារ ដល់ ៣,៥ដុល្លារ ។ ក្រុមហ៊ុន គ្រោងនឹងបោះលក់ មូលបត្រ របស់ខ្លួនចំនួន ៨លានភាគហ៊ុន វាស្មើនឹង ២០%នៃមូលបត្រសរុប ដែលមាន ៤០លានហ៊ុន ។ ចំពោះ ទឹកប្រាក់ ដែលអាចប្រមូលបានពីការលក់ ភាគហ៊ុន ២០% ក្រុមហ៊ុនរំពឹងថា នឹងទទួលបានចន្លោះពី ១៤,៨ លានដុល្លារ ដល់ ២៨លានដុល្លារ ។
ប្រភពព័ត៌មានពីក្រុមហ៊ុន ភ្នំពេញ ស៊ីឃ្យូរីធី បានឲ្យដឹងទៀតថា ភាគហ៊ុនរបស់ក្រុមហ៊ុន ហ្រ្គេនធ្វីន អាចនឹងត្រូវ ធ្វើការជួញដូរ ក្នុងក្រុមហ៊ុនទីផ្សារមូលបត្រ(CSX) នៅដើមខែមេសាខាងមុខ ។
សូមជម្រាបថា ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ហ្រ្គេនធ្វីន ខេមបូឌា ជាក្រុមហ៊ុនវិនិយោគរបស់តៃវ៉ាន់ ដែល ចាប់ផ្ដើម ប្រតិបត្តិការ អាជីវកម្មនៅកម្ពុជា តាំងពីឆ្នាំ២០០៧មក ហើយផលិតសម្លៀកបំពាក់ កីឡាម៉ាកល្បីៗ ដូចជា Adidas Reebook និងម៉ាក Taylor Made ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន Adidas Group ដែលមានទីផ្សារចម្បង នៅសហភាអឺរុប និងអាមេរិក ។ បន្ថែមពីនេះ ហ្រ្គេនធ្វីន ក៏ជាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់ កីឡារត់ប្រណាំង និងជិះស្គី ម៉ាក Salomon ម៉ាក Nes Balance និងម៉ាក Li Fong ផងដែរ ៕