កាលពីថ្មីៗនេះ ក្រុមហ៊ុន Microsoft បានទិញយកឧបករណ៍ និងសេវាកម្មរបស់ក្រុមហ៊ុន Nokia ដែលការទិញនេះ ហាក់បានបញ្ជាក់ថា Nokia លក់ក្រុមហ៊ុនទៅឲ្យ Microsoft។
ដោយឡែកនៅពេលនេះ សារព័ត៌មាន Bloomberg បាននិយាយថា ថ្វីដ្បិតតែក្រុមហ៊ុន Nokia លក់ឧបករណ៍ និងសេវាកម្មទៅឲ្យក្រុមហ៊ុន Microsoft ពិតមែន ប៉ុន្តែក្រុមហ៊ុន Nokia នៅតែជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដដែល ព្រោះថា Nokia នៅមាន Nokia Solution and Networks (NSN) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាទូរគមនាគមន៍ដែល អាចរកប្រាក់ចំណូល បាន ជាង ១៨ពាន់លានដុល្លារ អាមេរិកក្នុងមួយឆ្នាំ។
NSN ជាក្រុមហ៊ុនកើតឡើងដោយ មានការចូលហ៊ុនគ្នារវាង Nokia នឹង Siemens ប៉ុន្តែត្រូវបាន Nokia ទិញយកហ៊ុនទាំងអស់ កាលពីថ្មីៗនេះ។
Bloomberg បានវិភាគថា បើសិនជាក្រុមហ៊ុន Nokia ងាកមកពង្រីកទីផ្សារ ផ្គត់ផ្គង់គ្រឿងបរិក្ខា ទូរគមនាគមន៍វិញ នោះ Nokia អាចនឹងដណ្ដើមទីផ្សារ Huawei បានច្រើន ព្រោះថា បច្ចុប្បន្ន Nokia Solution and Networks មានគូប្រជែងធំជាងគេគឺ Huawei។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nokia បានលក់ឧបករណ៍ និងសេវាកម្មទៅឲ្យ Microsoft ប៉ុន្តែសម្រាប់ប៉ាតង់មួយចំនួន ត្រូវបានលក់នោះទេ ហើយសម្រាប់បុគ្គលិក ទាំងអស់ចំនួន ៣២.០០០នាក់ គឺមានតែ ៤.៧០០នាក់ប៉ុណ្ណោះ ដែលបានប្ដូរទៅធ្វើការនៅ Microsoft៕