ភ្នំពេញ៖ កម្មវិធីប្រដាល់ ពេលព្រឹកលើសង្វៀន SEA-TV ថ្ងៃអាទិត្យ ទី២០ ខែមីនា អ្នកប្រដាល់ជើងខ្លាំង កម្ពុជាពីររូប នឹងត្រៀមជួបប្រកួត ជាមួយអ្នកប្រដាល់ថៃ ដូចជា អ្នកប្រដាល់ យ៉េន ឌីណា ក្លិបអប្សរាគុនខ្មែរ ជួបប្រកួតជាមួយ អ្នកប្រដាល់ថៃ Soun Tepheap ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០ គីឡូក្រាម រីឯ អ្នកប្រដាល់ជើងថ្មី ឯម ខ្លឹមសរ ក្លិបឫទ្ធីពោធិសែនជ័យ ស្វាគមន៍អ្នកប្រដាល់ថៃ Phach Namneung ដោយប្រកួតក្នុងទម្ងន់ ៥៤គីឡូក្រាម។
លោក ញាណ សុធី អ្នកចាត់ចែងក្នុង កម្មវិធីប្រដាល់ SEATV ឲ្យដឹងថា Soun Tepheap នៅស្រុកថៃ គេជាជើងខ្លាំងមួយរូប ក៏ធ្លាប់ផ្តួលជើងខ្លាំង ជាច្រើនដែរ ហើយSoun Tepheap រូបនេះ រឹងមាំ និងមានស្នៀតល្អ ជាពិសេសជើង ទាត់រហ័សណាស់។ អ្នកប្រដាល់ថៃនេះ មានកំណត់ត្រា ប្រកួតចំនួន៧៥លើក ឈ្នះ៦៣លើក ចាញ់១១លើក និងស្មើ១លើក។
សម្រាប់យ៉េន ឌីណា ជើងខ្លាំងរបស់កម្ពុជានេះ ធ្លាប់បំបាក់ថៃ និងអឺរ៉ុបអស់ប្រមាណជិត ២០នាក់ មកហើយ ឌីណា មានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត។ ឌីណា មានប្រវត្តិប្រកួតចំនួន ៦៥លើក ឈ្នះ៦២លើក និងចាញ់០៣ លើកប៉ុណ្ណោះ។
ចំណែក អ្នកប្រដាល់ជើងថ្មី ឯម ខ្លឹមសរ ក្លិបឫទ្ធីពោធិសែនជ័យ ស្វាគមន៍ អ្នកប្រដាល់ថៃ Phach Namneung ប្រកួតក្នុងទម្ងន់ ៥៤គីឡូក្រាម រីឯ ឯម ខ្លឹមសរ ជាអ្នកប្រដាល់ មានចិត្តប្រដាល់ធំ រូបគេឡើងប្រកួត គ្មានខ្លាចញញើត នឹងដៃគូឡើយ ព្រមទាំងជាអ្នកប្រដាល់វ័យក្មេង ចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ។ ឯម ខ្លឹមសរ មានប្រវត្តិ ប្រកួតប្រមាណជាង ២០លើកប៉ុណ្ណោះ។ Phach Namneung អ្នកប្រដាល់ខ្លាំងគួរសមដែរ ប៉ុន្តែយ៉ាងណា Phach Namneung មិនជាលើស ឯម ខ្លឹមសរ ប៉ុន្មានទេ។
ចំពោះអ្នកប្រដាល់ ពុទ្ធ សំអ៊ួន ក្លិបពុទ្ធសេរីវង្សកីឡា ជួបប្រកួតជាមួយ អ្នកប្រដាល់ អាន សុផល ក្លិបសុភានូមានជ័យ ប្រកួតគ្នាក្នុងទម្ងន់ ៥៧គីឡូក្រាម ខណៈអ្នកប្រដាល់ ពេជ្រ ប៊ុនឆេន ក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ជួបអ្នកប្រដាល់ យ៉ុន ដារ័ត្ន ក្លិបតាឡីដំរីមានរិទ្ធ ប្រកួតក្នុងទម្ងន់៥៤គីឡូក្រាម និងអ្នកប្រដាល់ សិទ្ធិ ស័ក្ត ក្លិបសាមគ្គីកូនខ្មែរ ជួបអ្នកប្រដាល់ សយ សុខ ក្លិបពន្លឺវិបុលរិទ្ធី ប្រកួតក្នុងទម្ងន់៥៤គីឡូក្រាម ៕