ភ្នំពេញ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានចេញសេចក្តីប្រកាស កាលបរិច្ឆេទ ការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៥ នៅទីក្រុងកែប ដែលព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅចាប់ផ្តើមពីថ្ងៃទី២៤ ដល់២៧ ខែតុលា ឆ្នាំ ២០១៥ ខាងមុខនេះ ក្រោយពីទទួលបានការអនុញ្ញាត ពីក្រសួងអប់រំយុវជន និងកីឡាឲ្យរៀបចំការប្រកួតនេះឡើង ។
ព្រឹត្តិការណ៍ខាងលើកនេះ រៀបចំឡើងក្រោមការសហការរវាងក្រសួងអប់រំ យុវជន និង កីឡា ជាមួយនឹងសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ។
លោក ងិន សុខបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធកីឡារបស់ លោក បានចេញសេចក្តីប្រកាសព័ត៌មានដល់សាធារណជន បណ្តាក្លឹប និងសមាគនកីឡាទ្រីយ៉ាត្លុងទាំងអស់ក្នុងប្រទេសកម្ពុជា ឲ្យមកដាក់ពាក្យចូលរួមការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០១៥នេះ ។
លោកបានបន្តថា បានជាសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ជ្រើសរើសខេត្តកែប ដើម្បីរៀបចំការប្រកួតនេះ ដោយសារតែ ទីនេះ ទីលានប្រកួតត្រូវតាមស្តង់ដារអន្តរជាតិ ហើយក៏ជាការប្រកួតលើកដំបូង របស់សហព័ន្ធផងដែរ ។
លោកបានបន្ថែមទៀតថា ជារៀងរាល់ឆ្នាំសហព័ន្ធតែងតែរៀបចំការប្រកួតតែទ្រីយ៉ាត្លុងទេ ប៉ុន្តែសម្រាប់ឆ្នាំ២០១៥នេះ សហព័ន្ធទ្រីយ៉ាត្លុង បានដាក់បញ្ចូលកីឡា២ប្រភេទទៀត គឺឌូអាត្លុង និងអាគ័រត្លុង ។ ចំពោះវិញ្ញាសាក្នុងឆ្នាំនេះមាន៤ គឺវិញ្ញាសាទ្រីយ៉ាត្លុង (បុរស) មិនកំណត់អាយុ (ហែលទឹកចម្ងាយ១៥០០ម៉ែត្រ ជិះកង់គួកចម្ងាយ៤០គីឡូម៉ែត្រ និងរត់ ចម្ងាយ១០គីឡូម៉ែត្រ) ចំពោះវិញ្ញាសាឌូអាត្លុង (បុរស) មិនកំណត់អាយុៈ (រត់ចម្ងាយ៥គីឡូម៉ែត្រ ជិះកង់ដៃត្រង់ចម្ងាយ២០គីឡូម៉ែត្រ និងរត់ចម្ងាយ២,៥គីឡូម៉ែត្រ) រីឯវិញ្ញាសាអាគ័រត្លុង (បុរស-នារី) អាយុក្រោម១៨ឆ្នាំ (ហែលទឹក ចម្ងាយ២៥០ម៉ែត្រ និងរត់ចម្ងាយ៥គីឡូម៉ែត្រ) ។
សូមបញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ មានក្លឹបចូលរួមចំនួន៨ក្លឹប គឺមានក្លឹបភាពញញឹមនៃ កុមារ ក្លឹបមិត្តសំឡាញ់ ក្លឹបធនធាមនុស្ស ក្លឹបអាស៊ីអឺរ៉ុប ក្លឹបតាខ្មៅ ក្លឹបវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្លឹបរិទ្ធីសែន និងក្លឹបមហាផ្ទៃ ដែលមានកីឡាករ-កីឡាការិនីសរុបចំនួន ១៥០នាក់ ៕