ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតប្រដាល់ Black Cat លក្ខណៈមិត្តភាពអន្តរជាតិលើសង្វៀន SEA-TV នៅយប់ថ្ងៃអាទិត្យទី០៤ ខែតុលា ឆ្នាំ២០១៥ នេះមាន៥ប្រកួត ក្នុងនោះមានការប្រកួតអន្តរជាតិ ២គូ ដោយអ្នកប្រដាល់ ផាន់ គ្រាន់ ក្លឹបគុជសាកីឡា និងអ្នកប្រដាល់ ឃីម បូរ៉ា ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ នឹងត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃដូចគ្នា ។
អ្នកប្រដាល់ ផាន់ គ្រាន់ ជួបជាមួយអ្នកប្រដាល់ថៃ Chheng Krai ក្នុងទម្ងន់៦៥គីឡូក្រាម ។ ផាន់ គ្រាន់ មានកម្ពស់ប្រហាក់ប្រហែល ជាមួយអ្នកប្រដាល់ថៃដែរ គឺគ្រាន់តែមានកម្ពស់ ១,៦៥ម៉ែត្រ ខណៈថៃកម្ពស់ ១,៧០ ម៉ែត្រ ។ ផាន់ គ្រាន់ ធ្លាប់ផ្តួលអ្នកប្រដាល់ថៃ១០នាក់ និងជួបឡាវម្នាក់ ក្នុងចំណោម១២ប្រកួតជាលក្ខណៈអន្តរជាតិនេះ ដោយរូបគេឈ្នះ១០នាក់ទៅហើយ ឯ២នាក់ទៀតនោះគឺស្មើ១ និងចាញ់១ ហើយ គ្រាន់ ធ្លាប់វាយថៃឲ្យសន្លប់ក្នុងទឹកទី៣ និងវាយឡាវ ឲ្យចុះចាញ់ក្នុងទឹកទី៤កន្លងមកដែរ ។
តាមសំដីលោក ញៀន សុធី អ្នករៀបចំការប្រកួតប្រចាំសង្វៀន SEA-TV ថា អ្នកប្រដាល់ថៃ Sing Chheng Krai វិញ មិនដែលមកប្រកួត នៅស្រុកខ្មែរទេ ហើយ Chheng Krai ក៏ជាអ្នកប្រដាល់ជើងខ្លាំងម្នាក់ប្រចាំប្រទេសថៃ និងជាម្ចាស់ខ្សែក្រវាត់ផងដែរ ។ តាមប្រវត្តិនៃការប្រកួត រូបគេប្រហែលជាគ្រាន់បើដែរ ។
ចំណែក ឃីម បូរ៉ា ប៉ះជាមួយអ្នកប្រដាល់ថៃ Pha Ravy វិញគឺប្រកួតក្នុងទម្ងន់៦០គីឡូក្រាម ។ ក្នុងមួយជីវិតអ្នក ប្រដាល់របស់ ឃីម បូរ៉ា ជាការប្រកួតលើកទី៤ ហើយក្នុងការជួបអ្នកប្រដាល់ថៃ ។ ឃីម បូរ៉ា មានស្នៀតប្រដាល់ល្អទាំងកណ្ដាប់ដៃ ទាំងស្នៀតទាត់ និងជង្គង់ ដោយប្រកួតចុងក្រោយបានវាយចាញ់អ្នកប្រដាល់ថៃ Sok Keson ដោយពិន្ទុ ។
សម្រាប់ Pha Ravy ក៏មិនជាខ្សោយនោះដែរ ព្រោះអ្នកប្រដាល់ថៃរូបនេះ ធ្លាប់ប្រកួតបានចំនួន៥៥លើក ឈ្នះ៤៩លើក និងចាញ់៦លើក មិនដែលស្មើ ។ ចំណែកប្រវត្តិប្រកួត ឃីម បូរ៉ា វិញគឺប្រកួត៧៦លើក ឈ្នះ៦៤លើក ចាញ់១១លើក និងស្មើ១លើក ហើយធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ជាច្រើននាក់ដែរ ។
រីឯការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ គឺអ្នកប្រដាល់ តាំង សីហា ក្លឹបកងពលតូចលេខ៧០ ជួបជាមួយអ្នកប្រដាល់ ឆាយ ម៉េត ក្លឹបសំរោងកោងខេត្តបាត់ដំបង ឯអ្នកប្រដាល់ នួន ភីរ័ក្ស ក្លឹបតាព្រហ្មមានជ័យ ជួបជាមួយអ្នកប្រដាល់ រ័ត្ន ភូតុង ក្លឹបការិយាល័យ ទី៥កងទ័ពជើងគោក ៕