Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

NOCC ធ្វើសន្និបាតវិសាមញ្ញ ដើម្បី​ជ្រើស​រើស​មន្ដ្រី​ថ្មី ២នាក់

$
0
0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែកញ្ញានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានរៀបចំមហាសន្និបាតវិសាមញ្ញ នៅទីស្នាក់ការរបស់ខ្លួន ដោយមានការចូលរួមពីសមាជិកប្រតិបត្តិ និងតំណាងសហព័ន្ធកីឡាជាតិទាំងអស់ ដើម្បីជ្រើសរើសសមាជិកថ្មី ២នាក់ ជំនួបតំណែងលោក ហែម ថុន និងលោក ឈួន ឡេង ដែលទទួលមរណៈភាពកាលពីដើមឆ្នាំ២០១៥កន្លងទៅ ។

សន្និបាតនេះរៀបចំឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយមុននឹងចាប់ផ្ដើមកម្មវិធី ក៏មានការគោរពវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំចលនាអូឡាំពិក ដែលទទួលមរណភាពផងដែរ ។

លោក ថោង ខុន បានមានប្រសាសន៍ថា មហាសន្និបាតវិសាមញ្ញនេះ គឺរៀបចំស្របតាមលក្ខន្ដិកៈរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅពេលចាំបាច់ ជាក់ស្ដែងបច្ចុប្បន្ន NOCC បានបាត់បង់សមាជិកប្រតិបត្តិ ២រូប ដែលទទួលមរណភាព គឺលោក ហែម ថុន និងលោក ឈួន ឡេង ។ ហេតុនេះដើម្បីបន្ដសកម្មភាពការងារស្របតាមផែនការប្រចាំឆ្នាំ NOCC ក៏សម្រេចកោះប្រជុំមន្ដ្រីប្រតិបត្តិ និងមន្ដ្រីសហព័ន្ធកីឡាជាតិ ដើម្បីជ្រើសរើសសមាជិកបន្ថែមតែម្ដង ។

ជាលទ្ធផលលោក ថាង ហ្គោដុន(Gordon Tang) ប្រធានសហព័ន្ធកីឡាទូកក្ដោង(ទើបបង្កើត) និងលោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងសាលារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការស្ត្រី និងកីឡា ត្រូវបានអង្គមហាសន្និបាត ទាំងមូលសម្រេចគាំទ្រជាសមាជិក ប្រតិបត្តិនៃគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ។

លោកបន្ដថា បច្ចុប្បន្នវិស័យកីឡាកម្ពុជា មានសកម្មភាពយ៉ាងផុសផុលទាំងថ្នាក់ជាតិ និងអន្ដរជាតិ ហើយថែមទាំងដណ្ដើមយកមេដាយ ក្នុងការប្រកួតកីឡាអន្ដរជាតិជូនប្រទេសកម្ពុជាយ៉ាងច្រើនទៀតផង ។ ប៉ុន្ដែដើម្បីជំរុញឲ្យកីឡាកម្ពុជាឲ្យ កាន់តែមានសក្ដានុពលអាចចូលរួម ក្នុងព្រឹត្តិការណ៍អន្ដរជាតិ ឬការប្រកួតកម្រិតពិភពលោកនោះ យើងត្រូវរួបរួមគ្នាធ្វើការងារកីឡា និងបង្កើនសកម្មភាព រួមទាំងពង្រឹង សមត្ថភាពធនធានកីឡាករ ដើម្បីទទួលលទ្ធផលល្អ និងឆ្ពោះទៅការត្រៀមធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣ ហើយលោកសង្ឃឹមថាលោក ថាង ហ្គោដុន និងលោកស្រី ម៉ក់ វណ្ណស៊ីថា ក៏ជាផ្នែកមួយនៃការរួមចំណែកអនុវត្តការងារដ៏សំខាន់នេះផងដែរ ។

ជាមួយគ្នានោះលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបង្ហាញពីរបាយការណ៍ សកម្មភាពកីឡា និងលទ្ធផលការប្រកួតផ្សេងៗ ដូចជាលទ្ធផលនៃការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិ និងការចូលរួមប្រកួតកីឡាអន្ដរជាតិ ពោលគឺការចូលរួមកីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ ជាដើម។ លើសពីនេះលោកក៏បានបញ្ជាក់អំពីផែនការ ដែលត្រូវអនុវត្តបន្ដ គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលធនធានយុវជនថ្នាល កីឡាករ-កីឡាការិនី និងគ្រូបង្វឹកជាដើម ។ ជាពិសេសក្នុងនោះ ក៏មានការធ្វើវិសោធនកម្មនៃលក្ខន្ដិកៈ ដោយបន្ថែម និងសម្រួលមាត្រាមួយចំនួន ដើម្បីសម្រួលដល់ការអនុវត្តន៍ស្របតាមបរិបទនៃភាពរីក ចម្រើនលើវិស័យកីឡាបច្ចុប្បន្នផងដែរ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles