Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កីឡាករ James Micheal របួស​ធ្ងន់​ធ្ងរ​បាក់​ជើង​ស្ដាំ នឹង​ត្រូវ​អវត្ត​មាន លើ​ទី​លាន​ជាង​កន្លះ​ឆ្នាំ

$
0
0

ភ្នំពេញ៖ កីឡាករខ្សែការពារ កណ្ដាលជនជាតិនីហ្សេរីយ៉ា Adekunle James Micheal ដែលរងរបួសធ្ងន់បាក់ជើង នៅពេល ជួយក្រុមខេត្តស្វាយរៀង ពេលជួបក្រុមបឹងកេតអង្គរ កាលពីថ្ងៃទី១៩ ខែកក្កដាម្សិលមិញ នឹងត្រូវអវត្តមាន លើទីលានយ៉ាងហោចណាស់ពី៦ខែ ទៅ ៨ខែ បន្ទាប់ពីធ្វើការវះកាត់កជើងខាងស្ដាំ ក្រោយជួបឧបទ្ទេវហេតុ ដ៏អាក្រក់នៅពហុកីឡដ្ឋានស្ដាតចាស់នោះ ។

ស្របពេលក្រុមបាល់ទាត់ ខេត្តស្វាយរៀង កំពុងធ្លាក់ជើងយ៉ាងដុនដាប ក្នុងបេសកកម្មប្រកួតពានរង្វាន់ MCL-2015 រដូវកាលថ្មី ឥលូវត្រូវបាត់បង់កីឡាករ ខ្សែការពារដ៏រឹងមាំម្នាក់ទៀតហើយ គឺកីឡាករ Adekunle James Micheal ដែលបាក់ជើងខាងស្ដាំ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្រនោះ ។  លោកវេជ្ជបណ្ឌិតឯកទេសវះ កាត់ឆ្អឹង សេង ចំរើន បាននិយាយថា «កីឡាករបរទេសរូបនេះ ឆ្អឹងជើង (tibia) បាក់ជា ២កំណាត់ហើយរបួស ផ្នែកខាងក្រោម ត្រង់ប្រអប់ជើងធ្ងន់ធ្ងរ ដោយសារទម្ងន់ខ្លួនសង្កត់ខ្លាំងពេក គាត់ត្រូវសម្រាករយៈពេលពី ៦-៨ខែ ប៉ុន្តែនៅពេលគាត់ជា សះស្បើយនោះ មិនអាចមានទម្រង់លេងល្អ ដូចដើមភ្លាមទេ គឺត្រូវការពេលវេលាវែងមួយ» ។

សូមរំឭកថា James បានរងគ្រោះថ្នាក់បាក់ជើង បន្ទាប់ពីដួលដោយខ្លួនឯង ពេលដេញដណ្តើមបាល់ពីខ្សែប្រយុទ្ធ បឹងកេត ឃួន ឡាបូរ៉ាវី នៅនាទីទី៣៥ ក្នុងវគ្គទី១ នៃការប្រកួតក្របពានរង្វាន់ Metfone Cambodian League ជុំទី៦ កាលពីម្សិលមិញ ខណៈក្រុមស្វាយរៀង ប្រកួតចាញ់ក្រុមបឹងកេតអង្គរ ក្នុងលទ្ធផលបច្ចេកទេស ៥-១ នោះ ។

នេះគឺជារឿងដ៏អាក្រក់លើកទី២ហើយ បន្ទាប់ពីអ្នកចាំទី សរ សុភាព របស់ក្រុមខេត្តស្វាយរៀង បានទទួលមរណៈ ភាព កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ដោយសារគាំងបេះដូង ។ ប៉ុន្ដែឥលូវកីឡាករ ខ្សែការពារ James Micheal បានទទួលរងការបាក់ជើង យ៉ាងធ្ងន់ធ្ងរម្ដងទៀត ដែលធ្វើឲ្យស្វាយរៀង កាន់តែធ្លាក់ជើង ហើយក៏ជាក្ដីបារម្ភ សម្រាប់លោក សំ វ៉ាន់ដេត ជាគ្រូបង្វឹកផងដែរ ។

ដោយឡែក ថ្នាក់ដឹកនាំក្រុមបឹងកេតអង្គរ ក៏បានសម្ដែងការចូលរួមសោកស្ដាយ ចំពោះឧបទ្ទេវហេតុដ៏អាក្រក់ ដែលកើតឡើង លើកីឡាករ James Micheal ហើយជូនពរគេឲ្យឆាប់ជាសះស្បើយ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles